
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងម៉ាឡេសុីបានបង្ហាញនូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
តួយ៉ាង តម្លៃលំនៅដ្ឋាន ដែលអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យឯកជននៅសិង្ហបុរីបានកើនឡើង១,២ភាគរយនៅត្រីមាសទី៣ ឆ្នាំ២០២៥ បើធៀបនឹងកំណើន១ភាគរយនៅក្នុងត្រីមាសទី២ និងកើនឡើង៣,១ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥។
ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ (HDB Resale) បានកើនឡើង០,៤ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងកើនឡើង២,៩ភាគរយក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២៥។
ដោយឡែក នៅទីក្រុងហាណូយនៃប្រទេសវៀតណាម តម្លៃអាផាតមុិនជាមធ្យមបានហក់ឡើង៣៣ភាគរយដល់៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េគិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។
ចំណែក តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាមបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុងក្នុងមួយម៉ែត្រការ៉េ។
ទន្ទឹមនឹងនេះ តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសម៉ាឡេសុីបានកើនឡើងដល់៤៨៣.៨៧៩រីងហ្គីត (ប្រមាណ១១៤.៧៤៥ដុល្លារអាមេរិក) ក្នុងមួយយូនីតគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥។
ទីក្រុងគូឡាឡាំពួរបាននាំមុខគេលើទីផ្សារ ដោយមានតម្លៃផ្ទះជាមធ្យមចំនួន៧៩៤.៤៦៧រីងហ្គីត (ប្រមាណ១៨៨.៤៤១ដុល្លារអាមេរិក)ក្នុងមួយយូនីត ដែលធ្វើឱ្យទីក្រុងគូឡាឡាំពួរក្លាយជាតំបន់លំនៅដ្ឋានថ្លៃបំផុតនៅក្នុងប្រទេសម៉ាឡេសុី៕ប្រភព: Bamboo Route Vnexpress៕