ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុន/សហគ្រាស ដែលទទួលជោគជ័យ លើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal) គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនជាង៥ម៉ឺន ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង២០ ពាន់លានដុល្លារ។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួននេះបានកើនឡើងពី៤២,៣២៥ភាគរយ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន៦ចូលរួមដូចជា ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយមករដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាល ទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាល ទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ចំនួនក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន មានចំនួនសរុប ៤២,៣២៥ ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន៦៤ ពាន់ពាន់លានរៀល ឬស្មើនឹង១៥,៦ ពាន់លានដុល្លារ។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០២៥ គឺក្រុមហ៊ុន/សហគ្រាស ដែលទទួលបានជោគជ័យ លើការចុះបញ្ជីអាជីវកម្ម មានចំនួន១ ០១២ ស្មើនឹងទុនចុះបញ្ជី ១,៧៨ ពាន់ពាន់លានរៀល (៤៣៤ លានដុល្លារ)។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានមានប្រសាសន៍ថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្ត ឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។
លោកបន្តថា “នៅពេលគ្រប់អាជីវកម្ម សុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែង កាន់តែមានតម្លាភាពជាងមុន”។
លោកបញ្ជាក់ថា នៅពេលគ្រប់អាជីវកម្មទាំងអស់ ត្រូវបានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះ វាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃ ពីសំណាក់ម្ចាស់អាជីវកម្ម មិនស្របច្បាប់មួយចំនួន ដែលរកស៊ីដោយមិនបង់ពន្ធផងដែរ។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងពីកម្លាំងចលករដ៏សំខាន់ របស់អ្នកប្រកបអាជីវកម្មសម្រាប់សេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវទៅចុះបញ្ជីនៅអាជ្ញាធរ ដើម្បីអាចឱ្យរដ្ឋាភិបាលមានព័ត៌មាន និងអាចជួយរកដោះស្រាយ បានទាន់ពេលវេលា នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកបន្ថែមថា “គោលនយោបាយរបស់រដ្ឋាភិបាល គឺលើកទឹកចិត្តឱ្យអ្នកប្រកបមុខរបរ(ពិសេសសេដ្ឋកិច្ចក្រៅប្រព័ន្ធ)ចូលទៅចុះបញ្ជីដោយមិនមានការបង្ខិតបង្ខំ”។
សម្តេចបានលើកជាសំណួរថា ហេតុអ្វីត្រូវចុះឈ្មោះចូលក្នុងប្រព័ន្ធ? អស់លុយប៉ុន្មាន? ត្រូវជាប់ពិន័យអ្វីដែរទេ? ជាប់កាតព្វកិច្ចអ្វីខ្លះ? បានផលអ្វីមកវិញ? ទាំងនេះជាសំណួរ ដែលក្រុមគោលនយោបាយយកចិត្តទុកដាក់ខ្លាំងបំផុត ដោយមានការជជែកយ៉ាងច្រើន ក្នុងកិច្ចប្រជុំអន្តរក្រសួង៕