ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអង់គ្លេសនៅក្នុងខែកញ្ញាបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែឧសភា ដែលការណ៍នេះបង្ហាញថា ការព្រួយបារម្ភចំពោះការដំឡើងពន្ធកំពុងធ្វើឱ្យតម្រូវការរបស់អ្នកទិញផ្ទះនាពេលអនាគតធ្លាក់ចុះ។
តួយ៉ាង តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ០,៣ភាគរយមកនៅត្រឹម២៩៨.១៨៤ផោន(ប្រមាណ៤០០.៦៩០ដុល្លារអាមេរិក) ក្នុងមួយយូនីតនៅខែកញ្ញាបើធៀបនឹងខែសីហា។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
បច្ចុប្បន្ន អ្នកទិញផ្ទះកំពុងប្រកាន់ជំហរប្រុងប្រយ័ត្នកាន់តែខ្លាំង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោកស្រី Rachel Reeves ត្រូវបានគេរំពឹងថា នឹងដំឡើងពន្ធនៅក្នុងច្បាប់ថវិកា ដែលគ្រោងប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។
ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសបានស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានដំឡើងពន្ធលើការទិញ-លក់អចលនទ្រព្យកាលពីដើមឆ្នាំនេះ។
លោក Tom Bill អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានលើកឡើងថា តម្លៃផ្ទះកំពុងធ្លាក់ចុះ ដោយសារការដាក់លក់ផ្ទះបានកើនឡើងកាន់តែច្រើន ហើយអ្នកទិញកាន់តែមានការប្រុងប្រយ័ត្ន មុនពេលរដ្ឋាភិបាលអង់គ្លេសប្រកាសច្បាប់ថវិកានៅខែវិច្ឆិកាខាងមុខ។
លោកបានគូសបញ្ជាក់បន្ថែមថា ស្ថិរភាពនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះកំពុងជួយជំរុញតម្រូវការ។ ប៉ុន្តែ តម្លៃផ្ទះអាចនឹងបន្តធ្លាក់ចុះបន្តិចបន្តួច មុនពេលស្ថិតក្នុងសភាពទ្រឹងនៅចុងឆ្នាំ២០២៥នេះ៕ប្រភព: Bloomberg៕