ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ គណកម្មការមូលបត្រកកម្ពុជា(CSX)បានដាក់ឱ្យដំណើរការប្រព័ន្ឋជួញដូរផ្សារហ៊ុនចល័ត និងប្រព័ន្ឋបង្ហាញព៌តមានតាមអនឡាញ ដែលជាការរីកចម្រើនថ្មីមួយនៃទីផ្សារហ៊ុនកម្ពុជា។
លោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានចូលរួមកម្មវិធី”ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត និងប្រព័ន្ធបង្ហាញព័ត៌មានតាមអនឡាញ” ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីពិព័រណ៍នេះ បានរៀបចំឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ។
ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី ផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗ អំពីចម្ងល់មកលើទីផ្សារទាំងមូល ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure៕