ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទាប់ពីវិធានការរឹតបន្តឹងការទិញផ្ទះដោយជនបរទេសត្រូវបានអនុវត្តក្នុងរយៈពេល១ខែកន្លងមក ការទិញផ្ទះដោយជនបរទេសនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះជិត៣០ភាគរយ។
បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េតម្រូវឱ្យជនបរទេសស្នើសុំការយល់ព្រម មុននឹងទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាប់រដ្ឋធានី។ ជនបរទេសត្រូវរស់នៅក្នុងផ្ទះនោះ និងបង្ហាញប្រភពមូលនិធិក្រៅប្រទេស ដែលពួកគេបានប្រើដើម្បីទិញផ្ទះ។
ច្បាប់ទាំងនេះមានគោលបំណងទប់ស្កាត់ការទិញផ្ទះស្តុកទុកដើម្បីលក់យកប្រាក់ចំណេញ(Speculation) និងដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភថា លំហូរជនបរទេសជំរុញឱ្យតម្លៃផ្ទះហក់ឡើងយ៉ាងគំហុក។
-->
យោងតាមទិន្នន័យបង្ហាញថា ជនបរទេសបានដាក់ពាក្យស្នើសុំចុះបញ្ជីការទិញផ្ទះចំនួន១៤៩យូនីតកាលពីខែកញ្ញា ដាំក្បាលចុះ២៩,៤ភាគរយបើធៀបនឹងចំនួន២១១យូនីតកាលពីខែសីហា។ នេះជាលើកដំបូង គិតចាប់តាំងពីខែមេសា ដែលចំនួននេះបានធ្លាក់ចុះមកនៅក្រោម២០០យូនីត។

តួយ៉ាង ជនបរទេសបានទិញផ្ទះនៅសង្កាត់ Gangnam ត្រឹមតែ៥យូនីតប៉ុណ្ណោះនៅខែកញ្ញា បើធៀបនឹងចំនួន១២យូនីតកាលពីខែសីហា ខណៈការទិញផ្ទះដោយជនបរទេសនៅសង្កាត់ Yongsan បានធ្លាក់ចុះពី១១យូនីតក្នុងខែសីហាមកនៅត្រឹមចំនួន៦យូនីតក្នុងខែកញ្ញា។
នៅខែកញ្ញា ជនជាតិចិនចំនួន៦៣នាក់បានទិញផ្ទះនៅទីក្រុងសេអ៊ូល ដាំក្បាលចុះ២០,៣ភាគរយបើធៀបនឹងខែសីហា។ ចំណែក ជនជាតិអាមេរិកចំនួន៥១នាក់បានទិញផ្ទះនៅទីក្រុងសេអ៊ូលក្នុងខែកញ្ញាដូចគ្នា ដាំក្បាលចុះ១៣,៦ភាគរយធៀបនឹងខែសីហា៕ប្រភព: Chosun Biz៕
