ដោយ វុត្ថា
ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ថ្មីៗនេះខេត្តបាត់ដំបង បានជាប់ជាទីក្រុងគោលដៅទេសចរណ៍លេខ១៣ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣នៅតំបន់អាស៊ីអាគ្នេយ៍ វាយតម្លៃដោយស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយឈ្មោះថា YouDiscover ។
ជាមួយគ្នានេះក្រុងសៀមរាប ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតឈរលេខ១ ទីក្រុងបាងកក ឈរលេខ២ ទីក្រុងសិង្ហបុរីឈរ លេខ៣ និង រាជធានីភ្នំពេញឈរនៅលំដាប់លេខ៤។
-->
លោក អ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងកាលពីកន្លងមកនេះថា ជាមួយមោទនភាពនេះ ដោយសារការយកចិត្តទុកដាក់របស់ លោកអភិបាលខេត្ត និងស្ថាប័នជំនាញ នានាបានជួយជំរុញឱ្យខេត្តបាត់ដំបង ក្លាយជាខេត្ត មួយដែលគួរជាទីកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
លោកបន្តថា រដ្ឋបាលខេត្តសហការ យ៉ាងស្អិតរមួតជាមួយអង្គភាព និងមន្ទីរពាក់ព័ន្ធទូទាំងខេត្ត បានខិតខំអភិវឌ្ឍ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅកាន់គោលដៅទេសចរណ៍ នានាព្រមទាំងបានរៀបចំ និងបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយក្នុងខេត្ត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងមូល ។
មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការរៀបចំថែរក្សា អនាម័យ បរិស្ថាន ការគ្រប់គ្រងកាកសំណល់ ការបញ្រ្ជាបការយល់ ដឹងដល់ប្រជពលរដ្ឋឱ្យចូលរួម ធ្វើការដាំដុះដើមឈើបង្កើននូវតំបន់បៃតង កត្តាសន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទ្រទ្រង់វិស័យទេសចរណ៍។
ជាក់ស្តែងកន្លងមកនេះ ក្រុងបាត់ដំបងបានទទួលសមិទ្ធផលសំខាន់ៗ ដូចជា ជាប់ជ័យលាភីទីក្រុងស្អាតលើកទី១ និងលើកទី២ ផ្ការំដួល៣ទង ចំណាត់ថ្នាក់លេខ១ជាប់ជ័យលាភីឡាប៊ិល ទីក្រុងស្អាតអាស៊ានលើកទី១ (២០១៨-២០២០) ជាប់ជ័យលាភីនិរន្តរភាពទីក្រុងអាស៊ានក្នុងឆ្នាំ២០១៤ ជាខេត្តដែលមានភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយច្រើនជាងគេ នៅកម្ពុជាក្នុងឱកាសចូលឆ្នាំខ្មែរឆ្នាំ២០១៩។ ជាប់ជាទីក្រុងគោលដៅទាក់ទាញទេសចរណ៍ឈរលើលំដាប់លេខ១៣ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣ នៅតំបន់អាស៊ីអាគ្នេយ៍ (វាយតម្លៃដោយ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ របស់អាល្លឺម៉ងមួយ មានឈ្មោះថា YOU DICOVER) និងពានរង្វាន់ជាច្រើនទៀត។
លោកប្រធានមន្ទីរបានបន្តថា ;មិនតែប៉ុណ្ណោះប្រតិបត្តិករទេសចរណ៍ ទូទាំងខេត្តបាត់ដំបង តែងចូលរួមក្នុងចលនាប្រឡងប្រណាំងសំខាន់ៗជាច្រើន និងទទួលបានលទ្ធផលជោគជ័យមានដូចជា ស្តង់ដាសណ្ឋាគារបៃតង ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ រមណីយដ្ឋានទេសចរណ៍គំរូសហគមន៍ទេសចរណ៍ គំរូមេដាយនារីឆ្នើមក្នុងវិស័យទេសចរណ៍ មេដាយអ្នកជំនាញឆ្នើមក្នុងឧស្សាហកម្មទេសចរណ៍ជាដើម ដែលជាសញ្ញាមួយបង្ហាញថា ខេត្តបាត់ដំបងផ្តល់សេវាកម្មក្នុងកម្រិតស្តង់ដាដ៏ប្រសើរ និងត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ។ កក្តាទាំងនេះហើយ បានជំរុញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តបាត់ដំបងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ព្រមជាមួយគ្នានេះ ក្រុងបាត់ដំបងកំពុងនឹងត្រៀមខ្លួន បញ្ចូលជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូនាពេលខាងមុខនេះដែរ ដែលជាកាតាលីករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនទេសចរណ៍យ៉ាងច្រើន នាពេលខាងមុខបន្តទៀត៕

