ខេត្តបាត់ដំបង​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​លេខ១៣​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​ខេត្តបាត់ដំបង​ បាន​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​លេខ១៣​ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង៩៣នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ វាយតម្លៃ​ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​ឈ្មោះថា​ YouDiscover​ ។

ជាមួយគ្នា​នេះ​ក្រុង​សៀមរាប​ ជាគោល​ដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ឈរ​លេខ១​ ទីក្រុង​បាងកក​ ឈរ​លេខ២​ ទីក្រុង​សិង្ហបុរី​ឈរ​ លេខ៣​ និង​ រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់​លេខ៤​។

លោក​ អ៊ុច​ អ៊ំ​ភី​នី​ស្សា​រ៉ា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​ឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ ជាមួយ​មោទនភាព​នេះ​ ដោយសារ​ការ​យកចិត្ត​ទុកដាក់​របស់​ លោក​អភិបាលខេត្ត​ និង​ស្ថាប័ន​ជំនាញ​ នានា​បាន​ជួយ​ជំរុញ​ឱ្យ​ខេត្តបាត់ដំបង​ ក្លាយ​ជា​ខេត្ត​ មួយ​ដែល​គួរ​ជាទី​កក់ក្តៅ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​។

លោក​បន្ត​ថា​ រដ្ឋបាល​ខេត្ត​សហការ​ យ៉ាង​ស្អិត​រមួត​ជាមួយ​អង្គភាព​ និង​មន្ទីរ​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ បាន​ខិតខំ​អភិវឌ្ឍ​ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​ នានា​ព្រមទាំង​បាន​រៀបចំ​ និង​បង្កើត​នូវ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ជាច្រើន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​ក្នុង​ខេត្ត​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​ ។

មិន​តែប៉ុណ្ណោះ​ រដ្ឋបាល​ខេត្ត​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះ​ការរៀបចំ​ថែរក្សា​ អនាម័យ​ បរិស្ថាន​ ការគ្រប់គ្រង​កាកសំណល់​ ការ​បញ្រ្ជាប​ការយល់​ ដឹង​ដល់​ប្រ​ជពលរដ្ឋ​ឱ្យ​ចូលរួម​ ធ្វើការ​ដាំដុះ​ដើមឈើ​បង្កើន​នូវ​តំបន់​បៃតង​ កត្តា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទា​ទ្រទ្រង់​វិស័យ​ទេសចរណ៍​។

ជាក់ស្តែង​កន្លងមក​នេះ​ ក្រុង​បាត់ដំបង​បាន​ទទួល​សមិទ្ធផល​សំ​ខាន់​ៗ ដូចជា​ ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី១​ និង​លើក​ទី២​ ផ្ការំដួល៣ទង​ ចំណាត់ថ្នាក់​លេខ១ជាប់​ជ័យលាភី​ឡា​ប៊ិល​ ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី១​ (២០១៨​-២០២០​) ជាប់​ជ័យលាភី​និរន្តរភាព​ទីក្រុង​អាស៊ាន​ក្នុង​ឆ្នាំ២០១៤​ ជា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​សប្បាយ​ច្រើនជាង​គេ​ នៅ​កម្ពុជា​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ២០១៩​។ ជាប់​ជាទី​ក្រុង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ឈរ​លើ​លំដាប់​លេខ១៣​ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង៩៣​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (វាយតម្លៃ​ដោយ​ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​ របស់​អាល្លឺ​ម៉ង​មួយ​ មានឈ្មោះ​ថា​ YOU​ DICOVER​) និង​ពានរង្វាន់​ជាច្រើន​ទៀត​។

លោក​ប្រធានមន្ទីរ​បាន​បន្ត​ថា​ ​;មិន​តែប៉ុណ្ណោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ទូទាំង​ខេត្តបាត់ដំបង​ តែង​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង​សំ​ខាន់​ៗជាច្រើន​ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​មាន​ដូចជា​ ស្តង់​ដា​សណ្ឋាគារ​បៃតង​ ពានរង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ រមណីយដ្ឋាន​ទេសចរណ៍​គំរូ​សហគមន៍​ទេសចរណ៍​ គំរូ​មេដាយ​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ មេដាយ​អ្នកជំនាញ​ឆ្នើម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ជាដើម​ ដែល​ជា​សញ្ញា​មួយ​បង្ហាញថា​ ខេត្តបាត់ដំបង​ផ្តល់​សេវាកម្ម​ក្នុង​កម្រិត​ស្តង់​ដា​ដ៏​ប្រសើរ​ និង​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​អន្តរជាតិ​ ។ កក្តា​ទាំងនេះ​ហើយ​ បាន​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ព្រម​ជាមួយគ្នា​នេះ​ ក្រុង​បាត់ដំបង​កំពុង​នឹង​ត្រៀមខ្លួន​ បញ្ចូល​ជាទី​ក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេស្កូ​នា​ពេល​ខាងមុខ​នេះ​​ដែរ​ ដែល​ជា​កាតាលីករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​ទេសចរណ៍​យ៉ាងច្រើន​ នា​ពេល​ខាងមុខ​បន្ត​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here