ការលក់អចលនទ្រព្យនៅទីក្រុងឌូបៃហក់ឡើងយ៉ាងគំហុកដល់ទំហំទឹកប្រាក់ជាង៤៦ពាន់លានដុល្លារក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) សម្រេចបានការលក់លំនៅដ្ឋានប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters ។

នៅត្រីមាសទី៣ ការលក់អចលនទ្រព្យនៅទូទាំងទីក្រុងឌូបៃបានហក់ឡើង១៧,២ភាគរយដល់ចំនួន៥៩.២២៨យូនីត ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៤៦,៥ពាន់លានដុល្លារ ហក់ឡើង១៩,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៥ ទីក្រុងឌូបៃបានកត់ត្រាប្រតិបត្តិការលក់អចលនទ្រព្យចំនួន១៥៨.២០០យូនីត ហក់ឡើង២០,៥ភាគរយ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១៣៦ពាន់លានដុល្លារ ហក់ឡើង៣២,៣ភាគរយ។

ក្នុងនោះ ការលក់អាផាតមុិនបាននាំមុខគេនៅត្រីមាសទី៣ ដោយសម្រេចបានចំនួន៤៩.៣៧៩យូនីតក្នុងទំហំទឹកប្រាក់ចំនួន២៥,៧ពាន់លានដុល្លារ ហក់ឡើង២៥,៩ភាគរយ។

ការលក់អចលនទ្រព្យពាណិជ្ជកម្មសម្រេចបានទំហំទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារ។ ការលក់ដីបានហក់ឡើង២៥,៧ភាគរយដល់ចំនួន១.២១៤កិច្ចព្រមព្រៀង ដែលមានទំហំទឹកប្រាក់សរុបចំនួន៩,៨ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការដាក់ចេញនូវកម្មវិធីទិដ្ឋាការមាស ដែលមានជម្រើសស្នាក់នៅរយៈពេល១០ឆ្នាំ ការសម្រួលការចុះបញ្ជីអចលនទ្រព្យ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការពង្រីកផ្លូវរថភ្លើងក្រោមដី៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here