ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីបានកើនឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់ចំនួន១០,៣ពាន់លានដុល្លារសិង្ហបុរី ហក់ឡើង៣៥,៦ភាគរយធៀបនឹងត្រីមាសទី២ និងជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក។
កំណើននៃការវិនិយោគត្រូវបានជំរុញដោយការដេញថ្លៃដី ក្រោមកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) ។ ដីលំនៅដ្ឋានចំនួន៧ទីតាំង ដីពាណិជ្ជកម្ម និងដីឧស្សាហកម្មចំនួន៤ទីតាំង ត្រូវបានដេញថ្លៃនៅក្នុងត្រីមាសទី៣ ក្នុងទំហំទឹកប្រាក់សរុបជិត៤,១៥ពាន់លានដុល្លារសិង្ហបុរី ហក់ឡើងជិត២៤២ភាគរយ។
លោក Jeremy Lake អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Singapore បានកត់សម្គាល់ថា ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីនៅតែបន្តត្រូវបានជំរុញដោយការលក់ដីរបស់រដ្ឋាភិបាលសិង្ហបុរី។








