ដោយ នៅ វឌ្ឍនា
ភ្នំពេញៈ វត្តមានអ្នកវិនិយោគចិន បានធ្វើឲម្យមានការផ្លាស់ប្តូរយ៉ាងសំបើមនៅក្នុងទីផ្សារសំណង់ និងអចលនទ្រពន្យកម្ពុជា គំរោងធំៗជាច្រើនបានបង្ហាញខ្លួននៅក្រុងភ្នំពេញដែលធ្លាប់ស្ងាត់ជ្រងំ។
សំណួរដែលប្រជាជនកម្ពុជាតែងតែសួរគ្នា គឺថាតើគំរោងធំៗពិសេសខុនដូរបស់ចិនធ្វើឡើងដើម្បីលក់ឲ្យអ្នកណា? ខណៈប្រជាជនកម្ពុជាមិនទាន់និយមរស់នៅតាមខុនដូនៅឡើយ។
-->
អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក វ៉ា វីរៈ អគ្គនាយក្រុមហ៊ុន Century21 Fortuna Investment បានឲ្យដឹងនារសៀលថ្ងៃទី៦ ឧសភានេះថា ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគៗរបស់ចិន មកវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើន ជាពិសេសវិនិយោគលើវិស័យអចលនទ្រព្យ ហើយការវិនិយោគនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺចិនមានការនិយោគនៅក្នុងបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយសារក្នុងរយៈពេលជាង២០ឆ្នំាកន្លងមកនេះ សេដ្ឋកិច្ចរបស់ចិនមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបន្តថា “ការដែលមានក្រុមហ៊ុនចិនធំៗ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជា នៅជិតប្រទេសចិនងាយស្រួលក្នុងធ្វើដំណើរ ប្រទេសកម្ពុជាជាគោលដៅវនិយោគ និងស្ថិតក្នុងខ្សែ និងក្រវ៉ាត់របស់ចិន និងទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិនល្អប្រសើរ”។
លោកវ៉ា វីរៈបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនធំរបស់ចិនមានទាំងវិជ្ជមាន និងអវិជ្ជា តែការវិនិយោគមានភាពវិជ្ជមានច្រើនជាង ដោយក្រុមហ៊ុនទាំងនោះបានជួយដល់ការីចកម្រើន និងសមស្របទៅតាមទីផ្សាររបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជួយដល់ប្រជាជនកម្ពុជាមានសេដ្ឋកិច្ចធូធាជាមុន តាមរយៈ សេវកម្ម ការងារ និងការលក់អចលនទ្រព្យរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaធ្លាប់បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនមកវិនិយោគនៅប្រទេសកម្ពុជា ភាគច្រើនបានផ្តោតលើគំរោងធំៗ និងធ្វើគំរោងធំៗ ប៉ុន្តែគំរោងទាំងនោះហាក់មិនសូវផ្តោតលើភាពបៃតង ដោយអាគារខុនដូនិមួយៗមានទំហំច្រើនយូនីត និងមិនសូវមានធីធ្លាសាធារណៈច្រើនឡើយ។
អ្នកនាងបន្តថា “ការវិនិយោគគំរោងធំៗបែបនេះ ធៀបនឹងសេដ្ឋកិច្ចនិងកត្តាប្រជាសាស្រ្តកម្ពុជាហាក់មានទំហំធំបន្តិចនាពេលបច្ចុប្បន្ន ប៉ុន្តែវាមិនធំនោះទេសំរាប់រយៈពេល៥ឆ្នាំខាងមុខ”។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងផងដែរថា បើទោះបីទីផ្សារកម្ពុជាតូចក៏ដោយ ក៏ការវិនិយោគរបស់ក្រុមហ៊ុនអចលនទ្រព្យធំរបស់ចិននៅក្នុងប្រទេសកម្ពុជាមិនប៉ះពាល់ដែរ តែវាល្អទៅវិញទេ ខណៈប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ដែលមានតម្រូវការវិនិយោគច្រើនពីបរទេស។
លោកបន្ថែមថា “ក្រៅពីអ្នកវិនិយោគក្នុងស្រុក អ្នកវិនិយោគក្រៅស្រុកគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងជួយទ្រទ្រង់ឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគក្រៅស្រុកជាច្រើន ជាពិសេសក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសចិនជាច្រើន បានហូចូលមកបោះទុនវិនិយោគក្នុងប្រទេសកម្ពុជា”។
តែអ្វីដែលសំខាន់លោកថា រដ្ឋាភិបាលកម្ពុជាត្រូវតែមានការគ្រប់គ្រងការវិនិយោគទាំងនេះបានឲ្យល្អ ទាំងការប្រមូលពន្ធ សុវត្ថិភាព សន្តិសុខ និងការងារផ្សេងទៀត បើមិនដូច្នោះ ក្រុមហ៊ុនវិនិយោគចិនទាំងនោះនាំលុយទៅកាន់ប្រទេសរបស់គេវិញ ហើយកម្ពុជាគ្មានទទួលបានផលអ្វីទាំងអស់ សល់ត្រឹមតែសំណល់វិនិយោគផ្សេងៗ៕
[…] ប្រភព៖ Property Area […]