វិបត្តិអចលនទ្រព្យនៅប្រទេសចិនរំពឹងអូសបន្លាយដល់ឆ្នាំ២០២៦ និងជះផលប៉ះពាល់ដល់ទ្រព្យសកម្មរបស់ធនាគារនានា

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមទីភ្នាក់ងារ ​​Fitch Ratings បានឱ្យដឹងថា វិបត្តិអចលនទ្រព្យរបស់ប្រទេសចិននឹងអូសបន្លាយដល់ឆ្នាំ២០២៦ ហើយនឹងជះផលប៉ះពាល់ដល់ទ្រព្យសកម្មរបស់ធនាគារនានា ទោះបីជារដ្ឋាភិបាលចិនបានព្យាយាមជំរុញតម្រូវការលំនៅដ្ឋានយ៉ាងណាក្តី។

លោកស្រី Lulu Shi នាយិកាមួយរូបនៅក្រុមហ៊ុន Fitch Ratings បានលើកឡើងថា ការលក់ផ្ទះថ្មីនៅប្រទេសចិន អាចនឹងដាំក្បាលចុះចន្លោះពី១៥ភាគរយទៅ២០ភាគរយនៅឆ្នាំ២០២៦ បើគិតពីផ្ទៃក្រឡា មុនពេលវិស័យនេះមានស្ថិរភាព។

លោកស្រីបានបន្ថែមថា បើគិតពីទំហំទឹកប្រាក់សរុប ការលក់ផ្ទះនៅប្រទេសចិន​នឹង​ធ្លាក់ចុះចន្លោះ​ពី៧ភាគរយទៅ១០ភាគរយ​ទៀត​នៅ​ឆ្នាំ២០២៦ខាងមុខ។

លោកស្រី Shi បានបន្តថា «ការដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ប្រទេសចិនមិនបានអូសទាញទីផ្សារលំនៅដ្ឋានចេញពីវិបត្តិនោះទេ»។

លោកស្រីបានគូសបញ្ជាក់ថា «ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងប្រទេសចិននឹងកើតឡើង លុះត្រាតែទីផ្សារការងារមានស្ថិរភាព និងប្រាក់ចំណូលគ្រួសារងើបឡើងវិញ ដែលតម្រូវឱ្យមានការដាក់ចេញកញ្ចប់គោលនយោបាយរយៈពេលវែង»។

លោកស្រី Vivian Xue នាយិកាស្ថាប័នហិរញ្ញវត្ថុនៅក្រុមហ៊ុន Fitch Ratings បានអះអាងថា ការទាញទម្លាក់ទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនមានន័យថា បំណុលអាក្រក់របស់ធនាគារនានានឹងនៅតែបន្តកើនឡើងនៅឆ្នាំក្រោយ។

លោកស្រីបានបន្ថែមថា ការថយចុះនៃសមត្ថភាពរបស់គ្រួសារក្នុងការទូទាត់សងប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្ទាល់ខ្លួនផ្សេងទៀត នឹងធ្វើឱ្យគុណភាពទ្រព្យសកម្មរបស់ធនាគារនានាធ្លាក់ចុះនៅឆ្នាំ២០២៦។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាធនាគារនៅប្រទេសចិន មានទំហំប្រាក់កម្ចីមិនដំណើរការសរុបចំនួន៣,៤ទ្រីលានយ័ន(Non-performing loan) គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here