ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សជប៉ុន Mitsubishi Estate បានចាប់ផ្តើមដាក់លក់ខុនដូ Pre-sale នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងក្លាយជាលំនៅដ្ឋានថ្លៃជាងគេបំផុតមួយក្នុងប្រទេសនេះ។
តួយ៉ាង ខុនដូដែលមានទំហំ១៧៥ម៉ែត្រការ៉េ មានតម្លៃចាប់ពី១៣ពាន់លានរូពី (ប្រមាណ៧៨៣.០០០ដុល្លារអាមេរិក)ក្នុងមួយយូនីត។
ខុនដូទាំងនេះស្ថិតនៅក្នុងគម្រោង Two Sudirman នៅចំកណ្តាលទីក្រុងហ្សាកាតា ដែលមានអគារខ្ពស់កប់ពពកចំនួន២ ដែលមានកម្ពស់ប្រហែល៣៣០ម៉ែត្រ និងកម្ពស់២៧០ម៉ែត្រ។
-->
 
 
យូនីតខុនដូនឹងស្ថិតនៅក្នុងអគារកម្ពស់២៧០ម៉ែត្រ ខណៈការប្រគល់ខុនដូទៅឱ្យអ្នកទិញគ្រោងនឹងចាប់ផ្តើមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៩ខាងមុខ។

អគារនេះនឹងរួមមានខុនដូទំហំ១៧៥ម៉ែត្រការ៉េដែលមានបន្ទប់គេងចំនួន២ រហូតដល់ផ្ទះ Penthouse ទំហំ១.០០០ម៉ែត្រការ៉េ ព្រមទាំងមានគ្រឿងបរិក្ខារប្រើប្រាស់រួមគ្នាជាង៣០ រួមទាំងកន្លែងហាត់ប្រាណ អាងហែលទឹក ទីលានវាយកូនបាល់ បន្ទប់វាយកូនហ្គោល និងបន្ទប់ស្តុកស្រា។
គម្រោង Two Sudirman មានគោលបំណងទាក់ទាញជនជាតិឥណ្ឌូនេស៊ីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈបណ្តាអ្នកជំនួញនៅប្រទេសឥណ្ឌូនេសុីមានលំនៅដ្ឋានជាច្រើន ដោយក្នុងនោះរួមមានផ្ទះវិស្សមកាល ឬផ្ទះដែលពួកគេទិញក្នុងគោលដៅវិនិយោគ៕ប្រភព: Nikkei Asia៕
