ដោយ: សហសេវិក
អន្តរជាតិ: កាលពីខែតុលា ចំនួនជនបរទេស ដែលបានទិញផ្ទះនៅរដ្ឋធានីសេអ៊ូល និងតំបន់ជាប់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងបានថយចុះ ដោយសារឥទ្ធិពលនៃការដាក់ចេញគោលនយោបាយទប់ស្កាត់ការទិញផ្ទះក្នុងគោលដៅវិនិយោគដោយជនបរទេស។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ជនបរទេសសរុបចំនួន៥៦០នាក់បានទិញអាផាតមុិននៅទីក្រុងសេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon ក្នុងខែតុលា ឆ្នាំ២០២៥។
ក្នុងចំណោមនោះ ជនជាតិចិនគ្របដណ្តប់ចំណែកធំជាងគេបំផុតចំនួន៤៣៨នាក់ ខណៈជនជាតិអាមេរិកមានចំនួន១៣៣នាក់ និងជនជាតិកាណាដាចំនួន៣៣នាក់។
-->
តួលេខនៅខែតុលា ជាកម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។ ជនបរទេសភាគច្រើនចូលចិត្តទិញអាផាតមុិន ដែលជាជម្រើសលំនៅដ្ឋានដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីខែកញ្ញា ជនបរទេសចំនួន៩៧៦នាក់បានទិញផ្ទះនៅរដ្ឋធានីសេអ៊ូល និងតំបន់ជាប់រដ្ឋធានី បើធៀបនឹងចំនួន១.០៥១នាក់កាលពីសីហា។នេះមានន័យថា ចំនួនជនបរទេសបានធ្លាក់ចុះក្នុងរយៈពេល២ខែជាប់គ្នាចាប់ពីខែកញ្ញារហូតដល់ខែតុលា។
ការធ្លាក់ចុះនេះបណ្តាលមកពីការដាក់ចេញបទប្បញ្ញត្តិតឹងរ៉ឹងនៅថ្ងៃទី២៦ ខែសីហា ដោយកំណត់ទីក្រុងសេអ៊ូល និងតំបន់សំខាន់ៗនៅក្នុងខេត្ត Gyeonggi និងទីក្រុង Incheon ជាតំបន់ ដែលមានការរឹតបន្តឹងការលក់ផ្ទះទៅឱ្យជនបរទេស។
នៅក្រោមវិធានការរឹតបន្តឹង ជនបរទេសមិនអាចទិញផ្ទះនៅតំបន់ខាងលើបានឡើយ លុះត្រាតែពួកគេមានបំណងរស់នៅក្នុងផ្ទះនោះពិតប្រាកដ និងត្រូវមានការអនុម័តយល់ព្រមពីអាជ្ញាធរមូលដ្ឋាន ទើបអាចទិញផ្ទះបាន៕ប្រភព: Korea Times៕
