ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ប្រកាសផ្តល់សេវាដឹកជញ្ជូនទំនិញមកកម្ពុជា

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ  បន្ទាប់ពីភ្ជាប់ជើងហោះហើរ​រវាងរាជធានី​ភ្នំពេញ-អាប៊ូដាប៊ី(ប្រទេស​អេមីរ៉ាតអារ៉ាប់រួម)​ កាល​ពី​ដើម​ខែ​តុលា ក្រុមហ៊ុន​ Etihad Airways បាន​ប្រកាស​ពី​ការ​ដាក់​​ឱ្យដំណើរការ​យន្តហោះ ​ដឹកទំនិញ​របស់​ខ្លួន​មក​កម្ពុជា​បន្ថែម​ទៀត​នា​ពេល​ឆាប់ៗ​នេះ​​។​

យោងតាមគេហទំព័រ​ https://www.etihadcargo.com កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកាបានឱ្យ​ដឹង​ថា Etihad Cargo ដែលជាស្ថាប័នផ្នែកដឹកជញ្ជូនទំនិញ​ និងឡូជីស្ទីក​របស់​ Etihad Airways កំពុងពង្រីកបណ្តាញរបស់ខ្លួន នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ​​តាមរយៈការបើកដំណើរការយន្តហោះដឹកទំនិញ​​ ជាមួយ​​អាកាសយានដ្ឋានអន្តរជាតិតេជោ​(KTI)។

សកម្មភាពនេះធ្វើឡើង​ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ Teleport ដែលជាក្រុមហ៊ុន​ជំនាញ​ផ្នែកឡូជីស្ទីក ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ សេវាកម្មនេះនឹងចាប់ផ្តើមនៅ​រដូវរងាឆ្នាំ​២០២៥ ដែល​មាន​ចំនួន ២លើក​ក្នុង​១​សប្តាហ៍ ដោយប្រើយន្តហោះ Airbus A321F។ ជើងហោះហើរ​នេះ ​នឹង​បន្ថែមសមត្ថភាព​ដឹកទំនិញចំនួន​៥០តោន ក្នុង១​សប្តាហ៍។

etihadcargo បាន​បញ្ជាក់​ថា “កិច្ចព្រមព្រៀងបើក​ដំណើរការយន្តហោះដឹកទំនិញថ្មីនេះ ​ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្នុងឱកាស​សន្និសីទ Air Cargo Southeast Asia ដែលជាចំណុចមួយទៀតនៃកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាង Etihad Cargo និង Teleport។ ឥឡូវនេះ​ភាគីទាំងពីរ កំពុងដំណើរការយន្តហោះដឹកទំនិញរួមគ្នាដោយជោគជ័យពីទីក្រុង​ហូជីម៉ិញ”។

ប្រធានផ្នែកដឹកជញ្ជូនទំនិញនៅក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លោក Stanislas Brun បាននិយាយ​ថា ​ការដាក់ឱ្យដំណើរការយន្តហោះដឹកទំនិញពីភ្នំពេញ គឺ​នឹង​កាន់តែពង្រឹងវត្តមានរបស់ក្រុមហ៊ុនEtihad Cargo នៅអាស៊ីអាគ្នេយ៍។

លោកបញ្ជាក់ថា “វា​ក៏​បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់លំហូរពាណិជ្ជកម្ម ថាមវន្តរបស់តំបន់​ផងដែរ”។ លោកបន្ថែ​មថា “ភាពជាដៃគូជាមួយក្រុមហ៊ុនTeleport ថ្មីនេះ នឹង​ផ្តល់នូវសមត្ថភាពបន្ថែមដែលត្រូវការចាំបាច់ ដោយភ្ជាប់អ្នកនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសកលសំខាន់​ៗ និងបង្កើនការតភ្ជាប់នៅទូទាំងបណ្តាញដែលកំពុងពង្រីករបស់យើង”។

ជាមួយគ្នានេះ លោក Jan Philipp Pöter ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនTeleport បានលើក​ឡើង​ថា ភាពជាដៃគូយូរអង្វែងរវាង​ក្រុមហ៊ុន​ទាំង២ បានរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំង​ពីកិច្ចសហប្រតិបត្តិការ ជាមួយ​គ្នា​ក្នុងឆ្នាំ២០២២ រហូតដល់ការដាក់ពង្រាយ​យន្តហោះដឹកទំនិញរវាងទីក្រុងហូជីមិញ និងទីក្រុងគូឡាឡាំពួរ ក្នុងឆ្នាំ​២០២៤ និង​ការ​ពង្រីកសេវាកម្មទៅកាន់ទីក្រុងភូកេត ក្នុងឆ្នាំ២០២៥​។

លោកបញ្ជាក់ថា “យើងកំពុងពង្រីកកម្មវិធីដឹកជញ្ជូនទំនិញបន្ថែមទៀតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលជាសក្ខីភាពនៃភាពរហ័សរហួនរួមគ្នានៃភាពជាដៃគូរបស់យើង ដែលអាចឱ្យយើងដាក់ឱ្យដំណើរការផ្លូវថ្មីបានលឿនជាងមុន និងឆ្លើយតបប្រកប​ដោយ​ប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារ”។ លោកបន្តថា “វឌ្ឍនភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនTeleport ក្នុងការលើសពីភាពជាដៃគូ ប្រពៃណី ដោ​យធានាថា ដៃគូរបស់យើងមិនដែលហោះហើរទទេឡើយ ខណៈពេលដែលកំពុងបង្កើតការរីកចម្រើន ទៅវិញទៅមកនៅទូទាំងបណ្តាញទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here