ដោយៈ ម៉ាលីនណា
ភ្នំពេញៈ បន្ទាប់ពីភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ-អាប៊ូដាប៊ី(ប្រទេសអេមីរ៉ាតអារ៉ាប់រួម) កាលពីដើមខែតុលា ក្រុមហ៊ុន Etihad Airways បានប្រកាសពីការដាក់ឱ្យដំណើរការយន្តហោះ ដឹកទំនិញរបស់ខ្លួនមកកម្ពុជាបន្ថែមទៀតនាពេលឆាប់ៗនេះ។
យោងតាមគេហទំព័រ https://www.etihadcargo.com កាលពីថ្ងៃទី៣ ខែវិច្ឆិកាបានឱ្យដឹងថា Etihad Cargo ដែលជាស្ថាប័នផ្នែកដឹកជញ្ជូនទំនិញ និងឡូជីស្ទីករបស់ Etihad Airways កំពុងពង្រីកបណ្តាញរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបើកដំណើរការយន្តហោះដឹកទំនិញ ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI)។
សកម្មភាពនេះធ្វើឡើង ដោយមានកិច្ចសហការជាមួយ Teleport ដែលជាក្រុមហ៊ុនជំនាញផ្នែកឡូជីស្ទីក ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សេវាកម្មនេះនឹងចាប់ផ្តើមនៅរដូវរងាឆ្នាំ២០២៥ ដែលមានចំនួន ២លើកក្នុង១សប្តាហ៍ ដោយប្រើយន្តហោះ Airbus A321F។ ជើងហោះហើរនេះ នឹងបន្ថែមសមត្ថភាពដឹកទំនិញចំនួន៥០តោន ក្នុង១សប្តាហ៍។
etihadcargo បានបញ្ជាក់ថា “កិច្ចព្រមព្រៀងបើកដំណើរការយន្តហោះដឹកទំនិញថ្មីនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្នុងឱកាសសន្និសីទ Air Cargo Southeast Asia ដែលជាចំណុចមួយទៀតនៃកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាង Etihad Cargo និង Teleport។ ឥឡូវនេះភាគីទាំងពីរ កំពុងដំណើរការយន្តហោះដឹកទំនិញរួមគ្នាដោយជោគជ័យពីទីក្រុងហូជីម៉ិញ”។
ប្រធានផ្នែកដឹកជញ្ជូនទំនិញនៅក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លោក Stanislas Brun បាននិយាយថា ការដាក់ឱ្យដំណើរការយន្តហោះដឹកទំនិញពីភ្នំពេញ គឺនឹងកាន់តែពង្រឹងវត្តមានរបស់ក្រុមហ៊ុនEtihad Cargo នៅអាស៊ីអាគ្នេយ៍។
លោកបញ្ជាក់ថា “វាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់លំហូរពាណិជ្ជកម្ម ថាមវន្តរបស់តំបន់ផងដែរ”។ លោកបន្ថែមថា “ភាពជាដៃគូជាមួយក្រុមហ៊ុនTeleport ថ្មីនេះ នឹងផ្តល់នូវសមត្ថភាពបន្ថែមដែលត្រូវការចាំបាច់ ដោយភ្ជាប់អ្នកនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសកលសំខាន់ៗ និងបង្កើនការតភ្ជាប់នៅទូទាំងបណ្តាញដែលកំពុងពង្រីករបស់យើង”។
ជាមួយគ្នានេះ លោក Jan Philipp Pöter ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនTeleport បានលើកឡើងថា ភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុនទាំង២ បានរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីកិច្ចសហប្រតិបត្តិការ ជាមួយគ្នាក្នុងឆ្នាំ២០២២ រហូតដល់ការដាក់ពង្រាយយន្តហោះដឹកទំនិញរវាងទីក្រុងហូជីមិញ និងទីក្រុងគូឡាឡាំពួរ ក្នុងឆ្នាំ២០២៤ និងការពង្រីកសេវាកម្មទៅកាន់ទីក្រុងភូកេត ក្នុងឆ្នាំ២០២៥។
លោកបញ្ជាក់ថា “យើងកំពុងពង្រីកកម្មវិធីដឹកជញ្ជូនទំនិញបន្ថែមទៀតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលជាសក្ខីភាពនៃភាពរហ័សរហួនរួមគ្នានៃភាពជាដៃគូរបស់យើង ដែលអាចឱ្យយើងដាក់ឱ្យដំណើរការផ្លូវថ្មីបានលឿនជាងមុន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារ”។ លោកបន្តថា “វឌ្ឍនភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនTeleport ក្នុងការលើសពីភាពជាដៃគូ ប្រពៃណី ដោយធានាថា ដៃគូរបស់យើងមិនដែលហោះហើរទទេឡើយ ខណៈពេលដែលកំពុងបង្កើតការរីកចម្រើន ទៅវិញទៅមកនៅទូទាំងបណ្តាញទាំងពីរ”៕







