អគារខុនដូតម្លៃខ្ពស់កប់ពពកមួយលើឆ្នេរខ្សាច់ក្នុងរដ្ឋ Florida របស់សហរដ្ឋអាមេរិក គ្រោងបើកសម្ពោធនៅឆ្នាំ២០២៨

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Dezer Development ទទួលបានប្រាក់កម្ចីចំនួន៦៣០លានដុល្លារអាមេរិក ដើម្បីសាងសង់អគារខុនដូឈ្មោះ Bentley Motors នៅលើឆ្នេរ Sunny Isles Beach ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។

ប្រាក់កម្ចីនេះត្រូវបានផ្តល់ដោយក្រុមហ៊ុនផ្តល់ឥណទានឯកជន Madison Realty Capital។ ក្រុមហ៊ុន Dezer Development គ្រោងសាងសង់អគារខុនដូប្រណីតកម្ពស់៦១ជាន់ ដោយបានលក់ខុនដូអស់ចំនួនជាង៥០ភាគរយនៃខុនដូសរុបជាង២០០យូនីតរបស់ខ្លួនរួចមកហើយ(presale)។

ក្នុងចំណោមនោះ គេក៏សង្កេតឃើញមានការលក់ផ្ទះ Penthouse ចំនួន២ ដែលចុះបញ្ជីក្នុងតម្លៃ៣៧,៥លានដុល្លារអាមេរិកក្នុងមួយយូនីត។ចំណែក ខុនដូមានតម្លៃចាប់ពី៥,៨លានដុល្លារអាមេរិក យានដ្ឋានសម្រាប់ចតរថយន្ត និងមានជណ្តើរយន្តសម្រាប់យោងរថយន្ត(Car Elevator) ដែលមានឈ្មោះថា “Dezervator”។

យោងតាមលោក Gil Dezer ប្រធានក្រុមហ៊ុន Dezer Development បានឱ្យដឹងថា អគារនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៨ ដែលជាអគារលំនៅឋានស្ថិតក្រោមម៉ាកយីហោ Bentley និងបានចំណាយទុនវិនិយោគជិត១ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់។

លោក Dezer បានគូសបញ្ជាក់បន្ថែមថា អ្នកទិញលំនៅឋានភាគច្រើននៅអគារ Bentley Motors នេះ ជាជនជាតិអាមេរិកមកពីបណ្តារដ្ឋផ្សេងៗ ដោយពួកគេបានបង់ប្រាក់កក់ក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here