ប្រតិភូធុរកិច្ចចិននៃBaiyi Clubបង្ហាញពីផែនការវិនិយោគនៅកម្ពុជា

0

ភ្នំពេញៈ ប្រតិភូធុរកិច្ចនៃBaiyi Clubបានបង្ហាញចំណាប់អារម្ម​ណ៍វិនិយោគនៅកម្ពុជា បន្ទាប់ពីឃើញកាលានុវត្តន៍ភាព និងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជា វុទ្ធី អគ្គលេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូBaiyi Club ដឹកនាំដោយលោកវ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន TopBrand Union, ស្ថាបនិកBaiyi Club និងជាប្រធានChina Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានឥទ្ធិពលមួយ នៅប្រទេសចិន ដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗ ក្នុងវិស័យឧស្សាហកម្មផ្សេងៗ។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក វ៉ាង យ៉ុង (Wang Yong) បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចកម្ពុជា ដោយផ្ទាល់ក្នុងពេលវេលាដ៏សមស្របបំផុត។

លោកអគ្គលេខាធិការបានកត់សម្គាល់ឃើញថា វត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិនកំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។

តាមរយៈជំនួបលើកនេះ លោកអគ្គលេខាធិការសង្ឃឹមថា គណៈប្រតិភូ ដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ចBaiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជា ជំរុញវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការក៏បានជម្រាបជូន គណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកអគ្គលេខាធិការ ក៏បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានភាពបើកចំហ និងអំណោយផល ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគ។

រីឯទំហំវិនិយោគរបស់ចិន នៅតែរក្សាបាននូវចំណាត់ថ្នាក់លេខ១ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។ មួយវិញទៀត លោកអគ្គលេខាធិ​ការក៏បានជម្រាបជូនថា កម្ពុជាបានមានគំនិតផ្តួចផ្តើមឧស្សាហកម្មសមាហរណ (Integrated Industrial Initiative) សំដៅចាប់យកនូវការវិនិយោគរបស់ចិន ក្នុងចង្កោមឧស្សាហកម្ម ដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។

លោកជា វុទ្ឋី បានស្នើឱ្យគណៈប្រតិភូគិតគូរ ពីការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។

ជាការឆ្លើយតប លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធធុរកិច្ចចិនផ្តោត ទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារ ដែលទើបតែងើបទ្បើង។

បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចនួន ដូចជា យានយន្តបរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រ។ល។ បន្ថែមពីនេះ លោក វ៉ាង យ៉ុង (Wang Yong) បានធ្វើការកត់សម្គាល់ថាកម្ពុជាមានកណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស មានស្ថិរភាពនយោបាយ សំបូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផល ដល់ការទាក់ទាញវិនិយោគ។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូក៏បានសម្តែងនូវចំណា​ប់អារម្មណ៍របស់ខ្លួន និងបានសួរនូវសំណួរពាក់ព័ន្ធ នឹងការវិនិយោគក្នុងវិស័យមួយចំនួន។ ជារួមសមាជិកគណៈប្រតិភូ បានកត់សម្គាល់ឃើញថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។

លើសពីនេះ សមាជិកគណៈប្រតិភូ បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here