ដោយៈ ម៉ាលីនណា
កោះកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ ដែលកន្លងមក បានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ផ្ទាល់ ក្នុងការចូលរួមនៅក្នុងការអភិរក្ស និងអភិវឌ្ឍ ការពារតំបន់ធម្មជាតិ ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងសហគមន៍ជីផាត ខេត្តកោះកុង។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោកឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំពូមីងបងប្អូនប្រជាសហគមន៍ អេកូទេសចរណ៍ជីផាត ដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរនានា ពីលោកប្រធានសហគមន៍ និងចុះពិនិត្យស្ថានភាពជាក់ស្តែង នៅសហគមន៍អេកូទេសចរណ៍ ដ៏មានសក្តានុពលមួយនៅព្រះរាជាណាចក្រកម្ពុជា ពោលគឺជាសហគមន៍គំរូ និងជាប់ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ពិសេសគឺជាប់ស្តង់ដាផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន ដែលទទួលស្គាល់ទាំងនៅថ្នាក់ជាតិ និងក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។








