ដោយ: សហសេវិក
អន្តរជាតិ: ឧស្សាហកម្មសណ្ឋាគាររបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគចំនួន១២៥លានដុល្លារអាមេរិកនៅឆ្នាំនេះ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិ ខណៈគោលនយោបាយទិដ្ឋាការមានភាពអំណោយផល។
ការព្យាករណ៍ខាងលើធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគលើកំណើនប្រកបដោយចីរភាពរបស់ឧស្សាហកម្មសណ្ឋាគារនៅប្រទេសវៀតណាម។
លោកស្រី Karan Khanijou អនុប្រធានផ្នែកវិនិយោគសណ្ឋាគារ និងបដិសណ្ឋារកិច្ចអាស៊ីនៅក្រុមហ៊ុន JLL បានលើកឡើងថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់ប្រទេសវៀតណាមកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគយ៉ាងខ្លាំង ដោយផ្តល់ផលចំណេញពីការវិនិយោគក្នុងអត្រាចន្លោះពី៦ភាគរយទៅ៧,៥ភាគរយជារៀងរាល់ឆ្នាំ។
-->
ទីផ្សារសណ្ឋាគារបានបន្តបង្ហាញសញ្ញាប្រសើរឡើង ខណៈអត្រានៃការស្នាក់នៅ និងប្រាក់ចំណូលបានកើនឡើងជាមធ្យម២១ភាគរយជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០២០។ ទីក្រុងហូជីមិញ និងទីក្រុងហាណូយបាននាំមុខគេ ដោយសារកំណើននៃអ្នកធ្វើដំណើរបែបធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត។

ចាប់តាំងពីដើមឆ្នាំ២០២៥ ប្រទេសវៀតណាមទទួលបានកិច្ចព្រមព្រៀងវិនិយោគសំខាន់ៗជាបន្តបន្ទាប់នៅក្នុងផ្នែកសណ្ឋាគារ និងរមណីយដ្ឋានប្រណីត ដោយរួមមានទាំងបណ្តាវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
គម្រោងដែលកំពុងស្ថិតក្រោមការសាងសង់ ឬកំពុងត្រូវបានរៀបចំផែនការរហូតដល់ឆ្នាំ២០២៨ ភាគច្រើនមានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយ ទីក្រុងដាណាង និងទីក្រុង Hoi An, ហូយអាន ដោយចំនួន៣៣ភាគរយនៃការផ្គត់ផ្គង់ថ្មី ជាប្រភេទបន្ទប់សណ្ឋាគារតម្លៃមធ្យម(Mid-priced)៕ប្រភព: Vnexpress ៕
