ដោយ: សហសេវិក
អន្តរជាតិ: បណ្តាវិនិយោគិនសកលបន្តចាត់ទុកប្រទេសឥណ្ឌាជាគោលដៅវិនិយោគអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារកត្តាប្រជាសាស្ត្រអំណោយផល និងស្ថិរភាពនៃបរិយាកាសគោលនយោបាយ។
ក្រុមអ្នកវិនិយោគកំពុងចាក់បញ្ចូលដើមទុនយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា តាមរយៈការទិញដីធ្លី ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ សួនឧស្សាហកម្ម និងឡូជីស្ទីក គម្រោងការិយាល័យ និងលំនៅឋាន។
លោក Badal Yagnik នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers India បានអះអាងថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌាបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់បណ្តាវិនិយោគិន។
-->
លោករំពឹងថា ការបណ្តាក់ទុនវិនិយោគប្រចាំឆ្នាំក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌានឹងសម្រេចបានទំហំទឹកប្រាក់ចន្លោះពី៥ទៅ៧ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌាបន្តទទួលបានអត្ថប្រយោជន៍ពីកត្តានានា ដូចជាកំណើនសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំ ការកើនឡើងនៃនគរូបនីយកម្មទីក្រុង ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើននៃការប្រើប្រាស់។

លោក Yagnik បានគូសបញ្ជាក់ថា ខណៈក្រុមវិនិយោគិនចាប់អារម្មណ៍លើកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសឥណ្ឌា លំហូរដើមទុនក្នុងស្រុក និងក្រៅប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ។
លោកបន្ថែមថា បណ្តាអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយម ស្របពេលមានការពង្រីកខ្លួនរបស់វិនិយោគិនបរទេសក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា ជាពិសេសមកពីសហរដ្ឋអាមេរិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការណ៍នេះឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេសឥណ្ឌាក្នុងនាមជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលខ្ពស់ និងមានភាពធន់៕ប្រភព: The Economic Times៕
