ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជានៅតែបន្តកិច្ចខិតខំរបស់ខ្លួន ក្នុងការចរចាដើម្បីស្នើសុំឱ្យសហរដ្ឋអាមេរិក បញ្ចុះអត្រាពន្ធបដិការបន្ថែមទៀត ជាពិសេសសម្រាប់ទំនិញសក្តានុពលនាំចេញទៅទីផ្សារអាមេរិក។
នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសនៃពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
-->
លោក ចាន់ថុល បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានសម្រេចដាក់ពន្ធបដិការលើទំនិញកម្ពុជា ក្នុងអត្រា ៤៩% ដែលជាអត្រាមួយខ្ពស់ជាងគេលើពិភពលោក ដោយសារតែកម្ពុជាមានអត្រាអតិរេក ពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាមេរិក។
លោកបន្តថា ភ្លាមៗដោយយល់ឃើញពីសារៈសំខាន់ នៃទីផ្សារសហរដ្ឋអាមេរិក រដ្ឋាភិបាលកម្ពុជាបានបង្កើត ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមានរូបលោកផ្ទាល់ជាប្រធាន។
លោកបន្ថែមថា បន្ទាប់ពីកិច្ចខិតខំក្នុងការចរចាជាច្រើនលើករួចមក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិការសម្រាប់ទំនិញពីកម្ពុជាជាបន្តបន្ទាប់ គឺពី៤៩% មកនៅត្រឹម៣៦% និងបន្តធ្លាក់មកនៅ១៩%។ កម្ពុជា គឺជាប្រទេសឈានមុខគេដែលបានបើកការចរចារឿងពន្ធបដិការជាមួយសហរដ្ឋអាមេរិក។
លោកថ្លែងបញ្ជាក់ថា “កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិកក្នុងអត្រាពន្ធ១៩% នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី”។ លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះផ្តល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក”។
ទោះយ៉ាងណា លោក ចាន់ថុល បានអះអាងថា កម្ពុជាគឺនៅតែបន្តកិច្ចចរចារឿងពន្ធបដិការ ជាមួយសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ។
លោកអះអាងថា“ខ្ញុំផ្ទាល់ ជាមួយនិងលោកជំទាវ(រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម) និងក្រុមការងារទើបតែបានពិភាក្សាការងារ បន្តជាមួយភាគីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន តាមរយៈប្រព័ន្ធវីនេអូពីចម្ងាយ”។
លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក ទៅលើវិស័យអាទិភាពមួយចំនួនរួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះស្រូបទាញកម្លាំងពលកម្មច្រើន ជាពិសេសផ្តល់ឱកាសការងារយ៉ាងច្រើនដល់ស្ត្រី និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា៕