ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា នាពេលបច្ចុប្បន្ន អាផាតមុិនលំដាប់ខ្ពស់នៅក្នុងទីក្រុងបុមបៃនៃប្រទេសឥណ្ឌាមានតម្លៃស្មើនឹងអាផាតមុិននៅតាមតំបន់មួយចំនួននៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។
ការណ៍នេះសរបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃទ្រព្យសម្បត្តិ និងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ឥណ្ឌា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Anarock Group និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ 360 One Wealth ។
របាយការណ៍របស់ក្រុមហ៊ុនទាំង២ខាងលើ បានឱ្យដឹងថា អាផាតមុិននៅតំបន់ Worli របស់ទីក្រុងបុមបៃមានតម្លៃ១.១០៩ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ ដែលស្មើនឹងតម្លៃអាផាតមុិននៅក្នុងតំបន់ Lower Manhattan របស់ទីក្រុងញូវយ៉ក។
ទិន្នន័យនេះជាសូចនាករបង្ហាញថា ប្រជាជនឥណ្ឌាកាន់តែច្រើនកំពុងបណ្តាក់ទុនវិនិយោគលើទីផ្សារក្នុងស្រុក និងជំរុញតម្លៃអចលនទ្រព្យនៅក្នុងតំបន់Worli ដែលគ្របដណ្តប់ចំណែកទីផ្សារអាផាតមុិនប្រណីតបំផុតរបស់ឥណ្ឌាចំនួន៤០ភាគរយ។ នេះបើយោងតាមលោក Anuj Puri ប្រធានក្រុមហ៊ុន Anarock។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា តំបន់នេះសម្រេចបានកិច្ចព្រមព្រៀងលំនៅឋានជាង២០ ដែលមានតម្លៃលើសពី១ពាន់លានរូពីក្នុងមួយយូនីតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ន តំបន់ Worli ប្រមូលផ្តុំដោយលំនៅឋានលំដាប់ខ្ពស់ និងហាងលក់រាយប្រមាណ៤ទៅ៥លានហ្វីតការ៉េដែលកំពុងស្ថិតក្រោមការសាងសង់ ដោយគម្រោងលំនៅឋានទាំងនោះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃយ៉ាងហោចណាស់១៩០ពាន់លានរូពី៕ប្រភព: The Business Times៕







