ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីនឹងទាក់ទាញដើមទុនបន្ថែមទៀត ខណៈកំណើននៃមូលដ្ឋានអ្នកប្រើប្រាស់ក្នុងតំបន់ និងការចាប់យកបច្ចេកវិទ្យា AI ជំរុញឱកាសវិនិយោគ។
ក្រុមហ៊ុន Knight Frank បានអះអាងថា នៅក្នុងតំបន់អាសុី ប្រទេសជប៉ុន និងអូស្ត្រាលី ជាពិសេសទីក្រុងសំខាន់ៗដូចជាទីក្រុងស៊ីដនី និងទីក្រុង Brisbane ជាទីផ្សារសំខាន់ៗដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង។
លោក William Beardmore-Gray ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានលើកឡើងថា តំបន់អាស៊ីទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិរយៈពេលវែង ដូចជា ភាពរឹងមាំនៃមូលដ្ឋានផលិតកម្ម។
-->
លោកបានកត់សម្គាល់ថា តំបន់នេះកំពុងចាប់យកបច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិត (AI) ហើយមូលដ្ឋានអ្នកប្រើប្រាស់របស់តំបន់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកជឿជាក់ថា តំបន់អាស៊ីកំពុងក្លាយជាគោលដៅវិនិយោគដ៏ឆ្លាតវៃមួយសម្រាប់អ្នកវិនិយោគ។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ អចលនទ្រព្យ Knight Frank បានបង្ហាញថា ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើង៥៧ភាគរយដល់កំណត់ត្រាថ្មីចំនួន៦៤ពាន់លានដុល្លារនៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។
ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានទំហំទឹកប្រាក់លើសពី១៩៥ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ ដោយកើនឡើងចន្លោះពី១០%ទៅ១៥% ធៀបនឹងឆ្នាំ២០២៤៕ប្រភព: Nikkei Asia៕
