ដោយៈ ចំណាន
ភ្នំពេញៈ លោកគង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្ទៃក្នុង អំពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃក.អ.ក., គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា, គណៈកម្មាធិការវិនិយោគកម្ពុជាទាំងនៅទីស្ដីការ និងមកពីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស, តំណាងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក., តំណាងខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក., តំណាងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី អនុប្រធានទី៣ ក.អ.ក. សរុបប្រមាណ ៦០នាក់។
ការរៀបចំដាក់ឱ្យប្រើប្រាស់នូវវិក្កយបត្រឌីជីថលនេះ គឺជាការអនុវត្តស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ការចង្អុលបង្ហាញ លើកទឹកចិត្ត និងជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងការធ្វើកំណែទម្រង់ស្ថាប័ន ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរឡើង ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើនភាពប្រកួតប្រជែង ធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យន្តការវិក្កយបត្រឌីជីថលនេះ ក៏ជាការឆ្លើយតបមួយដ៏សំខាន់ចំពោះសំណូមពររបស់វិស័យឯកជន ដែលបានស្នើមកកាន់រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
សិក្ខាសាលាផ្ទៃក្នុងថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្ត្រី ដើម្បីបញ្ច្រាបការយល់ដឹងឱ្យបានកាន់តែច្បាស់ អំពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក.អ.ក. ជូនដល់មន្ត្រីផ្តល់សេវា និងមន្ត្រីក្រោមឱវាទ ក.អ.ក. ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វិក្កយបត្រឌីជីថល ក.អ.ក. ត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈសេចក្តីណែនាំលេខ ១៧០៧/២៦ ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ វិក្កយបត្រឌីជីថល ក.អ.ក. គឺជាឯកសារប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល ដែលត្រូវបានដាក់ឱ្យអនុវត្តន៍ ក្នុងគោលបំណងសម្រួលដល់ការបង់កម្រៃ សេវាសាធារណៈរបស់អ្នកស្នើសុំសេវា តាមរយៈការទូទាត់ជាមួយប្រព័ន្ធធនាគារឌីជីថល និងផ្តល់លទ្ធភាពក្នុងការតាមដានស្ថានភាពការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចក្នុងការគ្រប់គ្រងចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដោយប្រែក្លាយប្រតិបត្តិការប្រមូល ចំណូលទាំងអស់ទៅជាទម្រង់ឌីជីថល ចងក្រងរបាយការណ៍ហិរញ្ញវត្ថុ និងចែករំលែកទិន្នន័យជាមួយក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ។
លោកគង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដោយផ្តោតលើតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ក្នុងការគ្រប់គ្រងចំណូល និងការធ្វើឌីជីថលភាវូបនីយកម្មរបស់ស្ថាប័ន។
វិក្កយបត្រឌីជីថល ត្រូវបានបង្កើតចេញពីប្រព័ន្ធផ្តល់សេវាណាមួយរបស់ ក.អ.ក. ដែលបានធ្វើសន្ធានកម្ម ចែករំលែកទិន្នន័យ ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធ cdcOSP)របស់ ក.អ.ក. និងមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh ស្ថិតក្រោមការគ្រប់គ្រងរបស់ ក.អ.ក.។ អ្នកស្នើសុំសេវា អាចទទួលបានវិក្កយបត្រឌីជីថល តាមរយៈប្រព័ន្ធផ្តល់សេវាណាមួយដោយផ្ទាល់ ឬមកកាន់ទីតាំង ផ្តល់សេវា ក.អ.ក៕






