រដ្ឋាភិបាល​ចាប់​ផ្តើម​បង្កើត​បណ្តាញ ​និង​ការ​​ផ្គូរផ្គង​ធុរកិច្ច​ដើម្បី​ “រួម​គ្នា​បង្កើត” សេដ្ឋកិច្ច​លំហអាកាស​ កម្ពុជា-ជប៉ុន​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍ បានអញ្ជើញថ្លែងសារគន្លឹះ​ ក្នុងសិក្ខាសាលាស្តីពីការបង្កើ​ត​បណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហ​អាកាស កម្ពុជា-ជប៉ុន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុន​និងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់​ដឹក​នាំក្រសួងស្ថាប័នប្រមាណ១៥០នាក់ នៅរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុននិងដៃគូសហការ​ រវាងប្រទេ​សជប៉ុននិងកម្ពុជា ជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅ ក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថានធ្វើបរិវត្តកម្មឌីជីថល និងបង្កើ​ត​ឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងវិស័យលំហអាកាសជាតិនិងអន្តរ​ជាតិ។

លោកជា វ៉ានដេតបានបន្តថា ក្រសួងប្រៃសណីយ៍និ​ងទូរគម​នា​គមន៍ (ក.ប.ទ.)​បាននិងកំពុងរៀបចំគោលនយោបាយជាតិ ស្ដីពី​លំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល៥ឆ្នាំ ដើម្បីពង្រឹង​វិស័​យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញ​សេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើ​បរិវត្ត​កម្ម​ឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មី​ៗ​។

បន្ថែមពីនេះ ក.ប.ទ. ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជាចំនួន៤៨នាក់ ទៅសិ​ក្សា​នៅក្រៅប្រទេសលើជំនាញលំហអាកាសផងដែរ៕


ចែករំលែក