តម្លៃអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបន្តកើនឡើងលើសអត្រាកំណើនទូទាំងប្រទេស

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងដល់សប្តាហ៍ទី៤៥ ខណៈទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះនៅតែមានភាពក្តៅគគុក ទោះជារដ្ឋាភិបាលកូរ៉េបានចាត់វិធានការនានាដើម្បីទប់ស្កាត់យ៉ាងណាក្តី។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ (KREB) ដែលចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង០,១៨ភាគរយកាលពីសប្តាហ៍មុន បើធៀបទៅនឹងកំណើន០,១៧ភាគរយកាលពីមួយសប្តាហ៍មុននេះទៀត។

តួលេខនេះបង្ហាញពីភាពរឹងមាំនៃតម្រូវការលំនៅឋាន ជាពិសេសនៅទីក្រុងសេអ៊ូល ខណៈតម្លៃផ្ទះនៅរដ្ឋធានីមួយនេះកើនឡើងលើសពីអត្រាកំណើន០,០៦ភាគរយនៃតម្លៃអាផាតមុិនទូទាំងប្រទេសកូរ៉េខាងត្បូង។

តម្លៃផ្ទះនៅកូរ៉េខាងត្បូងនៅតែបន្តកើនឡើង ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានចាត់វិធានការដើម្បីទប់ស្កាត់ការទិញកាលពីខែតុលាកន្លងទៅយ៉ាងណាក្តី។ ក្រុមមន្ត្រីជាន់ខ្ពស់បានបង្ហើបឱ្យដឹងកាលពីចុងសប្តាហ៍មុនថា វិធានការបន្ថែមទៀតនឹងត្រូវបានដាក់ចេញ។

លោក Kang Hoon-sik ប្រធានការិយាល័យបុគ្គលិករបស់លោកប្រធានាធិបតី Lee Jae Myung បានអះអាងថា ការិយាល័យប្រធានាធិបតីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យតម្លៃលំនៅឋានមានស្ថិរភាព៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here