កម្ពុជាមានប្រព័ន្ធចុះបញ្ជីរវិនិយោគតាមអេឡិកត្រូនិកជាមួយនឹងការស៊ីញ៉េពីចម្ងាយដល់វិនិយោគិន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ដើម្បីសម្រួលដល់និតិវិធី និងកាត់បន្ថយភាពស្មុគ្រស្មា​ញនៃការិយាធិបតេយ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំប្រព័ន្ឋចុះបញ្ជីរវិនិយោគតាមប្រព័ន្ឋអេឡិកត្រូនិក និងស៊ីញ៉េតាមរយៈប្រព័ន្ខ​បច្ចេកវិទ្យាe-Signature ព្រមទាំងត្រាអេឡិចត្រូនិក(e-Stamp)ផងដែរ។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងបែបនេះ ក្នុងពិធី

ជួបសំណេះសំណាល អបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ និងចែករំលែកការយល់ដឹងអំពីសក្តានុពលវិនិយោគកម្ពុជា។

ថ្នាក់ដឹកនាំ ក.អ.ក. បានជម្រាបជូនដល់និស្សិតទាំងអស់អំពីតួនាទី និងបេសកកម្មការងាររបស់ ក.អ.ក. ដែលជាសេនាធិការ និងជាច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាលលើការដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ជាពិសេស ថ្នាក់ដឹកនាំក៏បានគូសរំលេចអំពីសក្តានុពលរបស់កម្ពុជា ដែលជាគោលដៅវិនិយោគ ទាំងសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស បានចូលរួមក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកប​ដោយភាពប្រកួតប្រជែង ពិសេសបានបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

អង្គពិធីក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ដែលមាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាប្រធាន និងលោកឧបនា​យករដ្ឋមន្ត្រី ជាអនុប្រធានទី១ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ តាមរយៈវេទិការរាជរដ្ឋាភិបាល-វិស័យឯកជន ព្រមទាំងការពង្រឹងនូវរចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារស្ថាប័ន។

បន្ថែមពីនេះ ថ្នាក់ដឹកនាំក៏មានការគូសរំលេច អំពីការរៀបចំឱ្យមានប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គាំទ្រប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ។ ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ រួមមាន ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ប្រព័ន្ធសេវាសាធារណៈcdcService, និង ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជាcdcIPM ជាដើម។

ប្រព័ន្ធទាំងនេះ កំពុងចូលរួមពន្លឿនការផ្ដល់សេវា បានកាន់តែលឿនរហ័ស មានតម្លាភាព និងគណនេយ្យភាព ចាប់តាំងពីការដាក់ពាក្យស្នើសុំសេវាជាទម្រង់ឌីជីថល បង់កម្រៃសេវាជាឌីជីថល តាមដាននីតិវិធីការងារ ជាឌីជីថលដោយអ្នកស្នើសុំសេវា និងការចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគ អមជាមួយឯកសារពាក់ព័ន្ធ ជាទម្រង់ឌីជីថល១០០% ដោយការប្រើប្រាស់នូវមុខងារ ហត្ថលេខាអេឡិចត្រូនិក (e-Signature), ត្រាអេឡិចត្រូនិក (e-Stamp) និងមានភ្ជាប់ឃ្យូ.អរ.កូដផ្ទៀងផ្ទាត់ (QR Code verify) ដែលមានតម្លៃជាឯកសារច្បាប់ដើមទាំងស្រុង។

ទិន្នន័យឌីជីថលទាំងនេះ អាចបង្កើតជាទិន្នន័យយុទ្ធសាស្ត្របានកាន់តែប្រសើរ សម្រាប់ការអភិវឌ្ឍ និងបន្តបង្ហាញភាពទាក់ទាញរបស់កម្ពុជាជូនវិនិយោគិន យ៉ាងមានប្រសិទ្ធភាពផងដែរ។ ឯកសារឌីជីថលនេះ គឺជាការអនុវត្តនូវអភិក្រមធ្វើតែមួយលើក (The Once Only Principle – TOOP) សម្រួលដល់ការចុះបញ្ជី និងការពិនិត្យអនុលោមភាព ធ្វើនីតិវិធីនៅក្រសួងស្ថាប័ន និងរដ្ឋបាលពាក់ព័ន្ធ។

សមិទ្ធផលទាំងនេះ កើតចេញពីការគិតគូ និងដឹកនាំដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបទៅតាមទិសរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here