ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke បានគេចផុតពីការខកខានសងបំណុលនៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ បន្ទាប់ពីម្ចាស់បំណុលក្នុងស្រុកបានអនុម័តផែនការមួយដើម្បីពន្យារពេលអនុគ្រោះនៃការទូទាត់សងបំណុលចំនួន២ពាន់លានយ័ន។
ការណ៍នេះបានធ្វើឱ្យបណ្តាអ្នកវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke មានភាពធូរស្រាលចិត្តជាបណ្ដោះអាសន្ន ស្របពេលវិបត្តិបំណុលនៅក្នុងវិស័យអចលនទ្រព្យចិនវិវឌ្ឍកាន់តែអាក្រក់ទៅៗ។
ប៉ុន្តែ ទោះជាយ៉ាងណា ម្ចាស់បំណុលបានបដិសេធសំណើរបស់ក្រុមហ៊ុនអចលនទ្រព្យ China Vanke ក្នុងការពន្យារពេលសងមូលបត្របំណុលរយៈពេលមួយឆ្នាំ។

រយៈពេលអនុគ្រោះមានចំនួន៣០ថ្ងៃនៃការជួញដូរ។ នេះមានន័យថា ក្រុមហ៊ុន Vanke មានពេលរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីចរចាកិច្ចព្រមព្រៀងឡើងវិញជាមួយម្ចាស់បំណុលលើលក្ខខណ្ឌដើម្បីពន្យារពេលការទូទាត់សងប្រាក់ត្រឡប់វិញ។
បើមិនដូច្នោះទេ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke នឹងប្រឈមមុខការខកខានសងបំណុល ហើយអាចនឹងត្រូវរៀបចំរចនាសម្ព័ន្ធបំណុលទាំងអស់របស់ខ្លួនឡើងវិញ៕ប្រភព: The Business Times៕







