តម្លៃ​ខុនដូ​ប្រភេទទី២ នៅ​ចំកណ្តាល​ទីក្រុង​តូក្យូមានទំហំទឹកប្រាក់លើស​ពី១០០លាន​យ៉េន​ក្នុងរយៈពេល៧​ខែ​​ជាប់គ្នា

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមសារព័ត៌មាន NHK បានរាយការណ៍ថា តម្លៃ​ខុនដូ​ប្រភេទទី២ ស្ថិតនៅ​ចំកណ្តាល​ទីក្រុង​តូក្យូរបស់ប្រទេសជប៉ុន​បន្ត​កើនឡើង ដោយ​តម្លៃខុនដូ​ជា​មធ្យម​នៅ​តែ​បន្តមានទំហំទឹកប្រាក់លើស​ពី១០០លាន​យ៉េន​ក្នុងរយៈពេល៧​ខែ​​ជាប់ៗ​គ្នា។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Tokyo Kantei បានអះអាងថា តម្លៃខុនដូប្រភេទទី២ ជាមធ្យម ដែលមានទំហំ៧០ម៉ែត្រការ៉េស្ថិតនៅសង្កាត់ចំនួន២៣ នៃទីក្រុងតូក្យូមានទំហំទឹកប្រាក់ជិត១១៥លានយ៉េន (ប្រមាណ៧៣០.០០០ដុល្លារ) កាលពីខែវិច្ឆិកា។

តួលេខខាងលើបង្ហាញពីការហក់ឡើងចំនួន៣៤,៦ភាគរយបើ​ធៀប​នឹង​ខែ​វិច្ឆិកាដូចគ្នាកាលពី​ឆ្នាំ២០២៤កន្លងមក។

តម្លៃខុនដូអាចមានការ​ប្រែប្រួល​យ៉ាងខ្លាំង​អាស្រ័យទៅតាម​ទីតាំង។ នៅក្នុង​សង្កាត់​ទាំង៦ ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បំផុត​នៃទីក្រុង​តូក្យូ តម្លៃខុនដូ​ជាមធ្យម​មានទំហំទឹកប្រាក់​ប្រហែល១,១៤លាន​ដុល្លារក្នុងមួយយូនីត។

តម្លៃខុនដូនៅក្នុង​សង្កាត់​ភាគខាងត្បូង និងភាគ​ខាងលិច​ចំនួន៦ មានទំហំទឹកប្រាក់ចំនួន៦០៤.០០០ដុល្លារ ខណៈ​តម្លៃខុនដូនៅក្នុង​សង្កាត់​ចំនួន១១ ផ្សេងទៀត​មាន​ទំហំទឹកប្រាក់​ជាមធ្យម​ប្រហែល៤៦៤.០០០ដុល្លារ។

ដោយឡែក ខុនដូនៅខាងក្រៅទីក្រុងតូក្យូ មានតម្លៃទាបជាងនេះ។ តួយ៉ាង តម្លៃខុនដូជាមធ្យមនៅទីក្រុងអូសាកាមានទំហំទឹកប្រាក់ប្រហែល៣៥៤.០០០ដុល្លារ ខណៈតម្លៃខុនដូជាមធ្យមនៅទីក្រុងយូកូហាម៉ា មានទំហំទឹកប្រាក់ចំនួន២៨៦.០០០ដុល្លារ។

ក្រុមហ៊ុន Tokyo Kantei លើកឡើងថា ខណៈតម្លៃខុនដូនៅចំកណ្តាលទីក្រុងតូក្យូបន្តកើនឡើង តម្រូវការខុនដូនៅតំបន់ជាយក្រុងក៏កំពុងកើនឡើងផងដែរ ដែលជំរុញឱ្យតម្លៃខុនដូនៅជាយក្រុងកើនឡើងផងដែរ៕ប្រភព: NHK World៕

LEAVE A REPLY

Please enter your comment!
Please enter your name here