ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំ និងកែសម្រួលលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ”។
គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ត្រូវបានរៀបចំឡើងក្នុងគោលដៅ ជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
-->
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលពីថ្ងៃទី២២ ខែធ្នូ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា នេះជាពេលដែលត្រូវពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលឡើងវិញលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ”។
លោកបញ្ជាក់ថា “គោលនយោបាយថ្មី ដែលត្រូវធ្វើបច្ចុប្បន្នភាពនេះ នឹងត្រូវជំនួសឱ្យ “គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា គោលនយោបាយថ្មី នេះមានគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែម នូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួលដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និងអ្នកធ្វើចំណាកស្រុក ព្រមទាំងជំរុញការអភិវឌ្ឍនគរូបនីយកម្ម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក សន សៀប បានមានប្រសាសន៍ថា ការកែសម្រួលសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” គឺជាជំហានវិជ្ជមាន និងសមស្របនឹងស្ថានភាពនៃការវិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
លោកបន្តថា គោលនយោបាយនេះក៏ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាលំនៅឋាន សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងជួយបង្កើនសមភាពសង្គម និងស្ថិរភាពទីក្រុងផងដែរ។
លោកថ្លែងថា “ការកែសម្រួលគោលនយោបាយនេះ នឹងជួយជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឱ្យបោះជំហានទៅមុខកាន់តែល្អ តាមរយៈការបង្កើនតម្រូវការ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ”។
លោកលើកឡើងទៀតថា គោលនយោបាយនេះ ក៏នឹងបង្កើតឱកាសថ្មីសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់វិស័យសំណង់ទាំងមូល។
លោកបញ្ជាក់ថា ការកែសម្រួលឱ្យមានភាពច្បាស់លាស់ អាចអនុវត្តន៍បាន និងសមស្របទីផ្សារពិត គឺជាចំណុចសំខាន់ដែលនឹងជួយឱ្យគោលនយោបាយនេះ មានប្រសិទ្ធភាពខ្ពស់ជាងមុន។
ជាមួយគ្នានេះ ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា “ខ្ញុំសប្បាយចិត្តពេលលឺដំណឹងថា ក្រសួងមានគោលនយោបាយថ្មី ដើម្បីជួយសម្រួលទៅដល់ការអភិវឌ្ឍផ្ទះតម្លៃសមរម្យ ព្រោះគ្មានអ្វីល្អប្រសើរ ជាងមានលំនៅឋានសម្រាប់រស់នៅនោះទេ”។
អ្នកឧកញ៉ាសំ សុខនឿន
លោកបន្ថែមថា “គោលនយោបាយថ្មីនេះ នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជា មានសមតុល្យល្អជាងមុន ព្រមទាំងអាចជួយកាត់បន្ថយការផ្គត់ផ្គង់ប្រភេទលំនៅឋាន ដែលលើសតម្រូវការផងដែរ”។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ “សេចក្តីព្រាងគោលនយោបាយ” នេះបានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន៤ ដែលមានលក្ខណៈខុសប្លែក ពីគោលនយោបាយឆ្នាំ២០១៧ រួមមាន ទី១ ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។
ទី២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ទី៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗ ឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និងទី៤ ការកែសម្រួលនីតិវិធី នៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង៕