តើអ្វីជាគោលនយោបាយលំនៅដ្ឋានតម្លៃសមរម្យរបស់រដ្ឋាភិបាល? មានអ្វីជាចំណុចគួរឲ្យចាប់អារម្មណ៍

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការ​ធានាបាន​នូវ​ប្រសិទ្ធភាព​ ក្នុង​ការ​អនុវត្តគោលនយោ​បាយជាតិ​ស្តី​ពី​លំនៅឋាន​ រាជ​រដ្ឋាភិបាល​តាមរយៈក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​រៀបចំ និងកែសម្រួលលើ​សេចក្តីព្រាង “គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យ”។

គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ត្រូវបានរៀបចំឡើងក្នុងគោលដៅ ជំរុញដល់ការ​អនុវត្តគោលនយោបាយជាតិ​ស្តីពីលំនៅឋាន ឆ្នាំ​២០១៤ និង​ធានានិរន្តភាព​ក្នុងការដោះស្រាយបញ្ហា​ប្រឈម ក្នុងវិស័យលំនៅឋាន​ឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាព ​ដើម្បីចូលរួមចំណែក​លើកកម្ពស់​សុខុ​មាលភាពរបស់ប្រជាជន។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា នេះ​ជា​ពេល​​ដែល​​ត្រូវ​ពិនិត្យ និង​ពិភាក្សា​លើ​ការ​រៀបចំ​ និង​កែសម្រួលឡើង​វិញ​លើ​សេចក្តីព្រាង “គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ”។

លោកបញ្ជាក់ថា “គោលនយោបាយថ្មី ដែលត្រូវ​ធ្វើបច្ចុប្បន្នភាព​នេះ នឹង​ត្រូវ​ជំនួសឱ្យ​ “គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។

ក្រសួង​សេដ្ឋកិច្ច​បានឱ្យ​ដឹង​​ថា គោលនយោបាយថ្មី នេះ​មានគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ​ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន​ដែលមានចំណូលកម្រិតទាប មធ្យម និង​ក្រុមងាយរងគ្រោះ និងបំពេញបន្ថែម នូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួលដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និង​អ្នកធ្វើចំណាកស្រុក ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​នគរូបនីយកម្ម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​(CVEA) លោក សន សៀប បានមានប្រសាសន៍ថា ការកែសម្រួលសេចក្តីព្រាង​​ “គោលនយោបាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃ​សមរម្យ” គឺជាជំហានវិជ្ជមាន​ និងសមស្របនឹងស្ថានភាព​នៃ​ការ​វិវឌ្ឍ​​​សង្គម និងសេដ្ឋកិច្ចនា​ពេល​បច្ចុប្បន្ន​។

លោក​បន្ត​ថា គោលនយោបាយនេះក៏ ​​បង្ហាញពី​ការយកចិត្តទុកដាក់​របស់​អាជ្ញាធរ ​​ក្នុងការ​ដោះស្រាយបញ្ហា​លំនៅឋាន​ សម្រាប់​ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប​ និងមធ្យម​ ព្រមទាំង​ជួយបង្កើន​សមភាព​​សង្គម និងស្ថិរភាពទីក្រុង​ផងដែរ​។

លោក​ថ្លែង​​ថា “ការកែសម្រួលគោលនយោបាយនេះ​ នឹង​ជួយជំរុញវិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ​ឱ្យ​បោះជំហាន​ទៅមុខ​កាន់​តែ​ល្អ តាមរយៈការបង្កើនតម្រូវការ ​លំនៅឋានសង្គម​ និង​លំនៅឋានតម្លៃសមរម្យ”។

លោកលើកឡើង​ទៀត​ថា គោលនយោបាយ​នេះ ក៏​នឹងបង្កើតឱកាស​ថ្មីសម្រាប់អ្នកអភិវឌ្ឍន៍​​ និងអ្នកពាក់ព័ន្ធនៅក្នុង​ខ្សែច្រវាក់​វិស័យ​​សំណង់​ទាំងមូល​។

លោក​បញ្ជាក់​ថា ​ការកែសម្រួលឱ្យមានភាពច្បាស់លាស់​ អាចអនុវត្តន៍បាន​ និង​សមស្របទីផ្សារ​ពិត គឺជាចំណុច​សំខាន់ដែលនឹងជួយ​ឱ្យគោលនយោបាយនេះ​ មានប្រសិទ្ធភាពខ្ពស់ជាងមុន​។

ជាមួយគ្នានេះ ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា “ខ្ញុំសប្បាយចិត្តពេលលឺដំណឹងថា ​ក្រសួង​មានគោលនយោបាយថ្មី​ ដើម្បី​ជួយសម្រួលទៅដល់​ការអភិវឌ្ឍ​ផ្ទះតម្លៃសមរម្យ​ ព្រោះគ្មានអ្វី​ល្អប្រសើរ ជាងមានលំនៅឋានសម្រាប់រស់នៅនោះទេ”។

អ្នកឧកញ៉ាសំ សុខនឿន
អ្នកឧកញ៉ាសំ សុខនឿន

លោក​បន្ថែម​ថា “គោលនយោបាយ​ថ្មី​នេះ ​នឹង​​ជួយធ្វើ​​ឱ្យទីផ្សារអចលនទ្រព្យកម្ពុជា​​ មានសមតុល្យ​ល្អជាងមុន​​ ព្រម​ទាំង​អាច​ជួយ​កាត់បន្ថយការ​ផ្គត់ផ្គង់​ប្រភេទ​លំនៅឋាន ​​ដែល​លើសតម្រូវការផងដែរ​”។

យោងតាមក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ​​ “សេចក្តីព្រាងគោលនយោ​បាយ” នេះបានបញ្ចូ​លនូវទិដ្ឋភាពថ្មីចំនួន៤ ដែលមានលក្ខណៈខុសប្លែក ពីគោលនយោ​បាយឆ្នាំ២០១៧ រួមមាន ទី១ ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និង​វិស័យឯកជន។

ទី២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង​យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល ទី៣. ការកែតម្រូវ និង​ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង​អតិថិជនគោលដៅ ​សម្រាប់ប្រភេទលំនៅឋាននីមួយៗ ឱ្យសមស្របតាមបរិបទ​សង្គម-សេដ្ឋកិច្ច និងទី៤ ការកែសម្រួលនីតិវិធី នៃការដាក់ស្នើគម្រោង​ ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here