ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគលើទីផ្សារសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើងនៅឆ្នាំ ២០២៦ ដោយសារកំណើននៃតម្រូវការធ្វើដំណើរ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។
ក្រុមហ៊ុន JLL បានប៉ាន់ប្រមាណថា ការវិនិយោគលើទីផ្សារសណ្ឋាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០២៦ នឹងសម្រេចបានទំហំទឹកប្រាក់សរុបចំនួន១៣,៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងការព្យាករណ៍សម្រាប់ពេញមួយឆ្នាំ២០២៥ ចំនួន១១,៩ពាន់លានដុល្លារអាមេរិក។
តម្រូវការវិនិយោគផ្នែកសណ្ឋាគារនៅតែមានភាពរឹងមាំ។ ប៉ុន្តែ ការផ្គត់ផ្គង់សណ្ឋាគារនៅក្នុងតំបន់ហាក់នៅមានកម្រិត។ ការណ៍នេះកំពុងជំរុញឱ្យតម្លៃសណ្ឋាគារនៅតំបន់អាសុីប៉ាសុីហ្វិកមានការកើនឡើង។
-->

ប្រទេសជប៉ុន សិង្ហបុរី និងអូស្ត្រាលីនៅតែជាគោលដៅកំពូល ហើយប្រទេសវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ជាប្រទេសកំពុងរីកចម្រើនមួយលើការវិនិយោគផ្នែកសណ្ឋាគារ។
លោក Nihat Ercan នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ JLL ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយកំពុងជះឥទ្ធិពលទាំងលើការសម្រេចចិត្តវិនិយោគ និងទម្លាប់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ។
ជាលទ្ធផល កំណើននៃការវិនិយោគលើទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារដែលកំពុងមានភាពចាស់ទុំ គុណភាព និងមូលដ្ឋានគ្រឹះរឹងមាំ៕ប្រភព: JLL៕
