រដ្ឋបាលក្រុងប៉េកាំងបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះបន្ថែមទៀត ខណៈចិនប្តេជ្ញាស្តារស្ថិរភាពទីផ្សារអចលនទ្រព្យ

0

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋបាលក្រុងប៉េកាំងរបស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះបន្ថែមទៀត ដោយបន្ទាបលក្ខខណ្ឌនៃការបង់ពន្ធលើប្រាក់ចំណូល និងអនុញ្ញាតឱ្យគ្រួសារដែលមានកូនច្រើនទិញផ្ទះបន្ថែម។

អ្នកជំនាញមួយរូបបានលើកឡើងថា ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការត្រៀមលក្ខណៈដើម្បីដាក់ចេញគោលនយោបាយគាំទ្របន្ថែមទៀតនៅឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញទីផ្សារអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះ។

ប្រទេសចិនបានប្តេជ្ញាធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃផែនការរយៈពេល៥ឆ្នាំលើកទី១៥។ នេះបើយោងតាមសន្និសីទថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗកន្លងមក។

លោក Liu Jing សាស្ត្រាចារ្យផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ឯកទេសខាងអចលនទ្រព្យ នៅសាលាពាណិជ្ជកម្ម Cheung Kong ក្នុងទីក្រុងប៉េកាំង បានលើកឡើងថា គោលនយោបាយ ដែលអាជ្ញាធរក្រុងប៉េកាំងបានដាក់ចេញ ក៏ត្រូវបានគេមើលឃើញថា ជាស្តង់ដារគម្រូសម្រាប់ទីក្រុងដទៃទៀតផងដែរ។

ពលរដ្ឋចិនមកពីតំបន់ទីក្រុងផ្សេង ដែលគ្មានលំនៅឋានជាផ្លូវការ នឹងមានសិទ្ធិទិញផ្ទះនៅក្នុងផ្លូវក្រវ៉ាត់ក្រុងទី៥ នៃទីក្រុងប៉េកាំង បន្ទាប់ពីបានបង់ពន្ធលើប្រាក់ចំណូលដល់អាជ្ញាធរមូលដ្ឋានយ៉ាងហោចណាស់២ឆ្នាំជាប់ៗគ្នា បើធៀបនឹងតម្រូវការកំណត់ពីមុនចំនួន៣ឆ្នាំ។

លោក Liu បានអះអាងថា គោលនយោបាយគាំទ្រនេះនឹងផ្តល់នូវផលវិជ្ជមាន។ ប៉ុន្តែ ឥទ្ធិពលផ្ទាល់នឹងនៅមានកម្រិត។ ទីផ្សារអចលនទ្រព្យពឹងផ្អែកលើការផ្គត់ផ្គង់ និងតម្រូវការ។ ការធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពជាវិធានការដ៏សំខាន់មួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ហើយខ្ញុំរំពឹងថា វិធានការបន្ថែមទៀតនឹងត្រូវបានដាក់ចេញ។

លោក Liu បានបន្ថែមថា គោលនយោបាយនានា ដូចជា ការកាត់បន្ថយអត្រាការប្រាក់អាចជះឥទ្ធិពលជាក់ស្តែងទៅលើទីផ្សារអចលនទ្រព្យ។ ប៉ុន្តែគោលនយោបាយបែបនេះតម្រូវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុរាប់ពាន់លានដុល្លារយ័ន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here