ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សួនសត្វអូទ្រីសដ៏ធំលើកដំបូងនៅកម្ពុជា ដែលស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ក៏ដូចជាបណ្តាភ្ញៀវទេសចរជាតិ ក្នុងគោលបំណងចង់ទៅទស្សនាកម្សាន្តដោយផ្ទាល់។
ក្រៅពីទេសភាពដ៏ស្រស់ស្អាត និងធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរីនោះ នៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញរូបភាពដ៏ស្រស់ស្អាតមួយទៀត គឺសួនសត្វអូទ្រីស។
-->
សួនសត្វអូទ្រីស ដែលទើបបង្ហាញរូបភាពនាពេលនេះគឺត្រូវបានបង្កើតឡើងដោយឯកជនក្នុងគោលបំណងស្វាគមន៍ទទួលភ្ញៀវទេសចរជាតិ និងអន្តជាតិឱចូលទីកម្សាន្តទស្សនាក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក សុខ បុរី ដែលជាអ្នកធ្លាប់ចេញចូលទៅទស្សនាកម្សាន្ត និងថតផ្តិតយករូបភាពសត្វអូទ្រីសមកផ្សព្វផ្សាយបានលើក ឡើងថា សត្វអូទ្រីសទាំងនេះមានប្រមាណជាង២០ក្បាល ដែលកំពុងត្រូវមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកមើលថែ និងធ្វើជារបងហ៊ុព័ន្ធបរិវេណនៅតំបន់ខ្ពង់រាបចង្កេះភ្នំសម្រាប់ឱ្យសត្វអូទ្រីសទាំងនេះរត់ ដើរ ដោយសេរីភាពក្នុងលក្ខខណ្ឌបែបធម្មជាតិ។
លោកថា នៅក្នុងរដូវនេះតំបន់ខាងលើនេះពិតជាមានទេសភាពស្រស់ស្អាតគួជាទីទាក់ទាញជាមួយវាលស្មៅខៀវខ្ចីលាតសន្ធឹងយ៉ាងល្វឹងល្វើយប្រៀបដូចកម្រាលព្រុំពណ៌បៃតងយ៉ាងដូច្នោះ។ ដោយឡែកសម្រាប់អ្នកដែលចង់ទៅទស្សនានៅពេលនេះគឺមិនត្រូវបានចំណាយថវិកាក្នុងការចូលទស្សនានោះទេ ហើយសួនសត្វអូទ្រីសមួយនេះក៏មិនទាន់ត្រូវបានរៀបចំជាតំបន់កម្សាន្តជាផ្លូវការនោះដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី លោក គង់ វិមាន បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីព្រឹកថ្ងៃទី១០ ខែឧសភា នេះថា សត្វអូទ្រីសទាំងនេះត្រូវបានគេយកមកចិញ្ចឹម និងមើលថែជាច្រើនខែមកហើយ ប៉ុន្តែបុគ្គលជាម្ចាស់នៅមិនទាន់បើកឱ្យភ្ញៀវចូលទស្សនាជាផ្លូវការណ៍នៅឡើយនោះទេ។
លោកបានបន្តទៀតថា ៖ «ជារឿងមួយដែលល្អនៅពេលដែលមានវិស័យឯកជនចូលរួមបង្កើតតំបន់កម្សាន្តកែច្នៃនានាដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់។ បច្ចុប្បន្ននេះនៅក្នុងខេត្តមណ្ឌលគីរី តំបន់កម្សាន្តកែច្នៃបែបធម្មជាតិធំៗ ដែលត្រូវបានបង្កើតឡើងដោយឯកជនមានចំនួន៤កន្លែង ដែលកំពុងស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកនៅក្នុងតំបន់ចូលទស្សនាជាប្រចាំ ខណៈពេលដែលតំបន់កម្សាន្តធម្មជាតិនៅក្នុងខេត្តមណ្ឌលគីរីទាំងមូលមានច្រើនទីតាំង»។
លោកបានបន្តទៀតថា ៖ «កាលពីឆ្នាំ២០១៨កន្លងកន្លងទៅនេះ ចំពោះភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគីរី មានចំនួនរហូតដល់ជាង ២០ម៉ឺននាក់ ដោយឡែកសម្រាប់២០១៩នេះ លោកបានបង្ហាញពីការរំពឹងថា អាចនឹងកើនឡើងលើសពីឆ្នាំកន្លងទៅប្រមាណ ១០ភាគរយ បន្ថែមទៀត ដោយសារមានកក្តាចូលរួមជាច្រើនដូចជា ការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរីកចម្រើននូវវិស័យសេវាកម្មជាដើម » ៕










