សួនសត្វ​អូទ្រីស​នៅ​ខេត្តមណ្ឌលគីរី​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ សួនសត្វ​អូទ្រីស​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា​ ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ដាក់ដាំ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគីរី​ កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ទូទៅ​ ក៏ដូចជា​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ ក្នុង​គោលបំណង​ចង់ទៅ​ទស្សនា​កម្សាន្ត​ដោយ​ផ្ទាល់​។

ក្រៅពី​ទេសភាព​ដ៏​ស្រស់​ស្អាត​ និង​ធម្មជាតិ​ ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​ទស្សនា​ខេត្តមណ្ឌលគិរី​នោះ​ នៅពេល​នេះ​ទឹកដី​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​ទេសចរណ៍​មួយ​នេះ​ កំពុង​បង្ហាញ​រូបភាព​ដ៏​ស្រស់​ស្អាត​មួយទៀត​ គឺ​សួនសត្វ​អូទ្រីស​។

សួនសត្វ​អូទ្រីស​ ដែល​ទើប​បង្ហាញ​រូបភាព​នា​ពេលនេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកជន​ក្នុង​គោលបំណង​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តជាតិ​ឱចូល​ទីកម្សាន្ត​ទស្សនា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

លោក​ សុខ​ បុរី​ ដែល​ជា​អ្នក​ធ្លាប់​ចេញចូល​ទៅ​ទស្សនា​កម្សាន្ត​ និង​ថត​ផ្តិត​យក​រូបភាព​សត្វ​អូទ្រីស​មក​ផ្សព្វផ្សាយ​បាន​លើក ឡើង​ថា​ សត្វ​អូទ្រីស​ទាំងនេះ​មាន​ប្រមាណ​ជាង២០ក្បាល​ ដែល​កំពុង​ត្រូវ​មើលថែ​ទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អ្នកមើល​ថែ​ និង​ធ្វើជា​របង​ហ៊ុ​ព័ន្ធ​បរិវេណ​នៅ​តំបន់​ខ្ពង់រាប​ចង្កេះភ្នំ​សម្រាប់​ឱ្យ​សត្វ​អូទ្រីស​ទាំងនេះ​រត់​ ដើរ​ ដោយសេរី​ភាព​ក្នុង​លក្ខខណ្ឌ​បែប​ធម្មជាតិ​។

លោក​ថា​ នៅក្នុង​រដូវ​នេះ​តំបន់​ខាងលើ​នេះ​ពិតជា​មាន​ទេសភាព​ស្រស់​ស្អាត​គួ​ជាទី​ទាក់ទាញ​ជាមួយ​វាលស្មៅ​ខៀវខ្ចី​លាតសន្ធឹង​យ៉ាង​ល្វឹងល្វើយ​ប្រៀប​ដូច​កម្រាល​ព្រុំ​ពណ៌បៃតង​យ៉ាង​ដូច្នោះ​។ ដោយឡែក​សម្រាប់​អ្នក​ដែល​ចង់ទៅ​ទស្សនា​នៅពេល​នេះ​គឺ​មិន​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​ចូល​ទស្សនា​នោះ​ទេ​ ហើយ​សួនសត្វ​អូទ្រីស​មួយ​នេះ​ក៏​មិនទាន់​ត្រូវ​បាន​រៀបចំ​ជា​តំបន់​កម្សាន្ត​ជា​ផ្លូវការ​នោះ​ដែរ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគីរី​ លោក​ គង់​ វិមាន​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែឧសភា​ នេះ​ថា​ សត្វ​អូទ្រីស​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ និង​មើលថែ​ជាច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​បុគ្គល​ជា​ម្ចាស់​នៅ​មិនទាន់​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​ផ្លូវ​ការណ៍​នៅឡើយ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «ជា​រឿង​មួយ​ដែល​ល្អ​នៅពេល​ដែល​មាន​វិស័យ​ឯកជន​ចូលរួម​បង្កើត​តំបន់​កម្សាន្ត​កែច្នៃ​នានា​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​។ បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្ម​ជា​តិ​ធំៗ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកជន​មាន​ចំនួន៤កន្លែង​ ដែល​កំពុង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ក៏ដូចជា​អ្នក​នៅក្នុង​តំបន់​ចូល​ទស្សនា​ជាប្រចាំ​ ខណៈ​ពេល​ដែល​តំបន់​កម្សាន្ត​ធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគីរី​ទាំងមូល​មាន​ច្រើន​ទីតាំង​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «កាលពី​ឆ្នាំ២០១៨កន្លង​កន្លងទៅ​នេះ​ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគីរី​ មាន​ចំនួន​រហូតដល់​ជាង​ ២០ម៉ឺន​នាក់​ ដោយឡែក​សម្រាប់២០១៩នេះ​ លោក​បាន​បង្ហាញ​ពី​ការ​រំពឹង​ថា​ អាច​នឹង​កើនឡើង​លើស​ពីឆ្នាំ​កន្លងទៅ​ប្រមាណ​ ១០ភាគរយ​ បន្ថែម​ទៀត​ ដោយសារ​មាន​កក្តា​ចូលរួម​ជាច្រើន​ដូចជា​ ការអភិវឌ្ឍន៍​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​រីកចម្រើន​នូវ​វិស័យ​សេវាកម្ម​ជាដើម​ » ៕

LEAVE A REPLY

Please enter your comment!
Please enter your name here