ដោយ គង់ សូរិយា
ភ្នំពេញ៖ តើភាពជាអ្នកមានក្នុងសង្គមខ្មែរ ត្រូវគេកំណត់សំគាល់ដោយកត្តាអ្វីខ្លះ ខណៈដែលសង្គមមួយនេះមិនទាន់សម្រេចថា អ្នកមានត្រូវមានសាច់ប្រាក់ប៉ុន្មាននៅឡើយ។
លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋយ៉ាងច្រើនដូចជា បុរីវិមានភ្នំពេញ ហាងប្តូរប្រាក់ និងវេលុយលី ហួរ និងក្រុមហ៊ុនមួយចំនួនទៀត បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ភាពជាអ្នកមាន មានការនិយាយច្រើនខុសៗគ្នា ប៉ុន្តែសម្រាប់ការគិតរបស់លោក ភាពជាអ្នកមានគឺអ្នកដែលមានផ្ទះស្នាក់នៅ មានរថយន្តសម្រាប់ជិះ និងមានអាហារទទួលទានគ្រប់គ្រាន់ គឺជាអ្នកមានហើយ មិនចាំបាច់មានប្រាក់រាប់រយលាននោះទេ។
-->

លោកបន្តថា “អ្នកមានប្រាក់ច្រើន មិនមែនស្រួលទេណា ខ្ញុំតស៊ូរហូតដល់អាយុជាង៦០ឆ្នាំហើយ ទើបខ្ញុំមានថ្ងៃនេះ។លោកឧកញ៉ាបន្តថា “អ្នកមានប្រាក់ មិនងាយស្រួលនោះទេ ព្រោះធ្វើការគ្មានថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះទេ ខណៈបុគ្គលិកមានថ្ងៃសម្រាកចុងសប្តាហ៍ ប៉ុន្តែយើងត្រូវធ្វើការមិនគុតថ្ងៃសៅរ៍ ឬអាទិ ត្យ ដើម្បីរកប្រាក់បើកប្រាក់ខែឲ្យបុគ្គលិក។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជកម្មកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា នៅក្នុងភាសាអង់គ្លេសគេហៅអ្នកមានថា Millionaires មានន័យថាអ្នកមានប្រាក់១លានដុល្លារឡើង ប៉ុន្តែសម្រាប់ស្ថានភាពស្រុកយើង អ្នកមានប្រាក់១០ម៉ឺនដុល្លារឡើងទៅអាចរាប់ថា ជាអ្នកមានហើយ តែជាអ្នកមានកម្រិតមធ្យម ព្រោះអ្នកមានអាចរាប់បញ្ចួលជាអ្នកមានមធ្យម និងអ្នកមានខ្លាំង។

លោកឧកញ៉ាបានបន្តថា “នៅកម្ពុជាអ្នកដែលមានងាជាឧកញ៉ា គឺគេសម្គាល់ជាអ្នកមានហើយ ឬពីមុនមកគេហៅជាសេដ្ឋី។

ជាមួយគ្នានេះ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងជាភ្នាក់ងាតអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate បានឲ្យដឹងផងដែរថា សម្រាប់ទស្សនរបស់លោក អ្នកដែលមានប្រាក់១លានដុល្លារឡើង ដោយមិនរាប់បញ្ចូលទ្រព្យសម្បត្តិដូចជាលំនៅដ្ឋាន និងរថយន្តអាចរាប់ជាអ្នកមានប្រាក់ហើយ។

ស្រដៀងគ្នានេះដែរ លោក ជែក ម៉ា (Jack Ma) អគ្គនាយកក្រុមហ៊ុន អាលីបាបា ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញ និងកំពុងក្លាយជាសេដ្ឋីជាប់លេខ១នៅប្រទេសចិនបានថ្លែងថា ជីវិតរបស់លោកពេលនេះ មិនមានក្តីសុខដូចពេលលោកកំពុងស្ថិតក្នុងស្ថានភាពក្រីក្រនោះទេ លោកគ្មានពេលឈប់សម្រាកឡើយ ព្រោះបើលោកបរាជ័យ បុគ្គលិកលោករាប់ម៉ឺននាក់នឹងក្លាយជាអ្នករងគ្រោះផងដែរ៕