ដោយ: សហសេវិក
អន្តរជាតិ: ក្រុមអ្នកវិភាគព្យាករណ៍ថា ការវិនិយោគលើទីផ្សារអចលនទ្រព្យសកលនឹងកើនឡើងលើសពី១ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២៦ បន្ទាប់ពីមានសកម្មភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
តំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងតំបន់អាមេរិកត្រូវបានគេរំពឹងថា នឹងបោះជំហាននាំមុខគេក្នុងការសម្រេចបាននូវកំណើននេះ។
ជាមួយគ្នានេះ ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគកំពុងវិលត្រឡប់មកវិញ ដោយសារទីផ្សារមានភាពប្រសើរឡើង និងកំណើននៃលំហូរមូលធន ដែលជួយឱ្យតម្រូវការអចលនទ្រព្យកើនឡើងនៅឆ្នាំ២០២៦នេះ។
-->
តម្លៃផ្ទះនៅក្នុងទីផ្សារជាច្រើនអាចនឹងកើនឡើងក្នុងកម្រិតមធ្យមជាជាងការកើនឡើង ឬការធ្លាក់ចុះយ៉ាងគំហុក។តួយ៉ាង តម្លៃលំនៅឋាននៅចក្រភពអង់គ្លេសត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងកម្រិតមធ្យម ខណៈអ្នកទិញផ្ទះលើកដំបូងនឹងជំរុញតម្រូវការ។
នៅបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប និងទីផ្សារកំពុងអភិវឌ្ឍន៍ ចំនួនប្រជាជន និងនគរូបនីយកម្មនៅតែបន្តគាំទ្រដល់តម្រូវការលំនៅឋាន ទោះបីជាលទ្ធភាពទិញនៅតែជាឧបសគ្គនៅក្នុងទីក្រុងធំៗយ៉ាងណាក្តី។
ដោយឡែក ការសាងសង់ការិយាល័យបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្យ្រ នៅក្នុងទីក្រុងធំៗដូចជាទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ ដែលអាចជំរុញឱ្យតម្លៃជួលការិយាល័យងើបឡើងវិញ ជាពិសេសចំពោះការិយាល័យដែលមានគុណភាពល្អ។

តម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្ម និងភស្តុភារកម្មនៅតែបន្តមានការកើនឡើង ខណៈកំណើនថ្លៃដើមសំណង់កំពុងជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ងាកទៅរកប្រសិទ្ធភាព និងការគ្រប់គ្រងការចំណាយដោយប្រុងប្រយ័ត្ន។
ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ី និងមជ្ឈិមបូព៌ា បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិន ជាពិសេសចំពោះលំនៅឋានប្រណីត ឬលំនៅឋានម៉ាកល្បីៗ(Branded residence)។
យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ដោយសារភាពតានតឹងផ្នែកហិរញ្ញវត្ថុថ្មីៗនេះក្នុងចំណោមបណ្តាអ្នកអភិវឌ្ឍន៍បានធ្វើឱ្យដំណើរការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យចិនមានល្បឿនយឺតជាងប្រទេសដទៃទៀត៕ប្រភព: JLL៕
