ដោយៈ ម៉ាណា
កំពង់ធំៈ កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល នៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតង កើនដល់ជាង៤ម៉ឺនតោន ស្មើនឹង៩,២លានដុល្លារ។
រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុង ជូនដល់សហគមន៍កសិកម្មទំនើប ដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួល ឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារ ទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវ លើផ្ទៃដីជិត១៥,០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕







