រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលខ្មែរ ត្រូវបាននាំយកទៅដាក់លក់នៅ​ក្នុងផ្សារទំនើបធំៗ ​និងមីនីម៉ាតល្បីៗជាង ២ម៉ឺន២ពាន់ទីតាំង​ នៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក

0

(ភ្នំពេញ)៖​ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផលិតផលខ្មែរបានបង្ហាញវត្តមានជាបន្តបន្ទាប់នៅលើថ្នើ​ក្នុង​ផ្សារទំនើបធំៗនិងផ្សារមីនីម៉ាតល្បីៗជាច្រើន នៅតាមបណ្តាប្រទេសនានា ដែលគិតមកទល់ពេលនេះ ផលិតផលខ្មែរជាច្រើនប្រភេទត្រូវបាននាំចេញយកទៅដាក់លក់នៅក្នុងផ្សារទំនើប​និងមីនីម៉ាត​ល្បីៗជាង២ម៉ឺន២ពាន់ទីតាំង ក្នុងប្រទេសជប៉ុន កូរ៉េ ចិន ម៉ាឡេស៊ី អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុប។

លោកស្រី ចម និម្មលគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។

លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ក្រុមការងារនាំចេញបានសម្របសម្រួលឱ្យមានប្រតិបត្តិការទិញលក់ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៣៦ និងបានជំរុញវត្តមាន ផលិតផលកម្ពុជា ចូលទៅកាន់បណ្តាទីផ្សារទំនើបធំៗ និងផ្សារមីនីម៉ាតល្បីៗជាង២ម៉ឺន២ពាន់ទីតាំងនៅក្នុងប្រទេសជប៉ុន កូរ៉េ ចិន ម៉ាឡេស៊ី អង់គ្លេសអាមេរិក និងសហភាពអឺរ៉ុប»

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទីផ្សារម៉ាឡេស៊ីបានបញ្ជាទិញនូវដំណាប់ស្វាយ និងស្វាយចន្ទី, ទីផ្សារជប៉ុនបានបញ្ជាទិញអង្កររំដួល អង្ករនាងខុន និងបាននាំយកគ្រាប់ស្វាយចន្ទីកែច្នៃយកទៅដាក់លក់នៅក្នុងផ្សារ Family mart ចំនួន១៦ ៣២០ទីតាំង​។
ចំណែកទីផ្សារអូស្រ្តាលី ​បាននាំយកគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរសម្ងួត ចេកសម្ងួត ត្រាវសម្ងួត និងអង្ករសែនក្រអូប ដាក់លក់នៅទីផ្សារទំនើបមួយចំនួន​ ប្រមាណ៨៥០ទីតាំង។ ស្របពេលទីផ្សារអឺរ៉ុប បាននាំចេញស្វាយសម្ងួត និងគ្រាប់ស្វាយចន្ទី ដាក់លក់នៅទីផ្សារទំនើប ​(Mart) ជាង៦ពាន់ទីតាំងផងដែរ​។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើMOU នៃការទិញលក់កសិផលកម្ពុជា ក្នុងទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិកសម្រាប់នាំចេញទៅកាន់ទីផ្សារចិន រួមមានដំឡូងមីស្ងួត ស្វាយចន្ទី ធុរេន ចេក ពោត ដំណាប់ស្វាយ មៀនស្រស់ និងមៀនក្រៀម។

ក្នុងគោលដៅជំរុញការនាំចេញផលិតផលខ្មែរឱ្យបានកាន់តែច្រើន ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍សំខាន់ៗ បង្កើតមជ្ឈមណ្ឌលសេវានាំចេញ ដើម្បីផ្តល់ការគាំទ្រនិងពង្រឹងនូវសមត្ថភាពបន្ថែមដល់វិស័យឯកជនកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់ក្រុមហ៊ុនដែលមានបំណងក្នុងការនាំចេញ ផ្តល់ព័ត៌មាន ការស្រាវជ្រាវ បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកទិញទៅតាមទីផ្សារគោលដៅ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here