ដោយៈ ចំណាន
ភ្នំពេញៈ យោងតាមរបាយការណ៍វឌ្ឍនភាព នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានSingle Portal របស់ Online Business registration Service បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុន/សហគ្រាស ដែលទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានចំនួនសរុប៥៣,៤២២ ជាមួយនឹងដើមទុនចុះបញ្ជីសរុប៨៧,៧ ពាន់ពាន់លានរៀល ឬស្មើនឹង២១,៣៩ ពាន់លានដុល្លារ។
ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥៣,៤២២ គឺមាន១៩, ៣៨៩ ឬស្មើនឹង៣៦% ដែលមានម្ចាស់ជាស្រ្តី។ ទំហំដើមទុន ២១,៣៩ពាន់លានដុល្លារ គឺសកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួនឬជួលពីគេ មានដើមទុនវិនិយោគ១,៨៨ ពាន់លានដុល្លារ។ សកម្មភាពសេវាស្នាក់នៅ មានដើមទុន ១,៦៤ ពាន់លានដុល្លារ។
-->
ការសាងសង់អគារ ១,៥៤ ពាន់លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,១ ពាន់លានដុល្លារ,សកម្មភាពពិគ្រោះយោបល់ ផ្នែកគ្រប់គ្រង៩៤២លានដុល្លារ និងកម្មវត្ថុអាជីវកម្មផ្សេងទៀត មានចំនួន១៤,៣ពាន់លានដុល្លារ។
របាយការណ៍បានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនចំនួន២៦,៣២៦បានទទួលជោគជ័យ លើការស្នើសុំនាមករណ៍បម្រុងទុក និងក្រុមហ៊ុនចំនួន៣ ត្រូវបានបដិសេធ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយមករដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាល ទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាល ទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចឆ្នាំ ២០២៥២០២៨” កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ ថា បច្ចេកវិទ្យាឌីជីថល កំពុងចូលរួមយ៉ាងសកម្ម នៅគ្រប់សកម្មភាពសង្គម និងសេដ្ឋកិច្ចនៅស្ទើរគ្រប់ប្រទេស លើពិភពលោករួមទាំងប្រទេសកម្ពុជា។ បច្ចេកវិទ្យាឌីជីថលបានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។
លោកបានថ្លែងថា “សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាឧត្តមភាពមួយថ្មីដែលបានចូលរួមជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ”។លោកបន្ថែម “ហើយបច្ចេកវិទ្យាឌីជីថល ក៏កំពុងដើរតួនាទីសំខាន់ ក្នុងវិស័យសារធារណៈផងដែរ តាមរយៈការតភ្ជាប់ និងផ្តល់ទិន្នន័យឱ្យគ្នាទៅវិញទៅមក ដែលវាបានជួយកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ ការបង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ”។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានលើកឡើងថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។
លោកបន្តថា “នៅពេលគ្រប់អាជីវកម្ម សុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែង មានតម្លាភាពជាងមុន”៕
Phnom Penh City, Cambodia
