ក្រុមហ៊ុនលំដាប់យក្សរបស់អាមេរិកបោះទុនទំហំ៥០០លានដុល្លារ នៅក្នុងខេត្តកំពង់ធំ

0

ដោយៈ ចំណាន

    កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញចូលរួមពិធីអបអរសាទរការវិនិយោគ ទំហំ៥០០លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិកCRL នៅក្នុងខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពោលគឺក្រុមហ៊ុនអាម៉េរិកឈានមុខគេ នៅលើពិភពលោកក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បើទោះបីជាក្នុងបរិការណ៍ដែលពិភពលោកមានភាពមិនច្បាស់លាស់ ភាពតានតឹងកាន់តែខ្លាំង នៃភូមិសាស្រ្តនយោបា​យ ការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ច និងការកើតឡើងនូវសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាងក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានភាពធន់ ដោយសម្រេចបាននូវកំណើនល្អប្រសើរ ដែលឆ្លុះបញ្ចាំងដោយកំណើនខ្ពស់ នៃការវិនិយោគផ្ទាល់ពីបរទេស និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក។

ជាក់ស្តែង វត្តមានក្រុមហ៊ុនCRL នៅកម្ពុជានាពេលនេះ គូសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនអាម៉េរិក ក្នុងការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មដែលមានតម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់ ក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ការសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមកនេះ គឺពិតណាស់មិនអាចកាត់ផ្តាច់ ពីការរួមចំណែករបស់សហរដ្ឋអាម៉េរិកបាននោះទេ ពិសេសលើវិស័យពាណិជ្ជកម្ម ព្រោះសហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុនCRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគ របស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។

លោកវង្សី វិស្សុតបានស្នើដល់ក្រុមហ៊ុនCRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វា នៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ ក្រមសីលធម៌វិទ្យាសាស្ត្រ, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនCRL ដែលបានចុះ MOU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគោរពច្បាប់ ការរក្សាភាពស្អាតស្អំ តម្លាភាព និងការបដិសេធរាល់អំពើពុករលួយ ព្រមទាំងមានការទទួលខុសត្រូវសង្គម (CSR) ខ្ពស់។

លោកក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុនឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRL ដែលបានបង្កើតកញ្ចប់ថវិកាCSR ប្រចាំឆ្នាំ ចំនួន២៥០,០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងកម្មវិធីអភិវឌ្ឍយុវជន ក្នុងខេត្តកំពង់ធំ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនបង្កើនកញ្ចប់ថវិកាCSR ឱ្យកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន ដើម្បីចែករំលែកផលប្រយោជន៍ដល់សហគមន៍ជុំវិញ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here