តើទិសដៅឆ្នាំ២០២៦របស់រដ្ឋបាលរាជធានីភ្នំពេញផ្តោតលើអ្វីខ្លះ

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យពេញមួយឆ្នាំ២០២៥ កន្លងទៅ បើទោះជាក្នុងកាលៈទេសៈដែលប្រទេសជាតិបានជួបការឈ្លានពាន ហើយពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានគូសបញ្ជាក់នៅក្នុងអង្គសន្និបាត និងបានផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដើម្បីជាវិភាគទាន ក្នុងការកំណត់ទិសដៅការងារ ឆ្នាំ២០២៦ រួមានដូចតទៅ៖ (១)ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, (២)ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម (៣)ការគ្រប់គ្រងរដ្ឋបាលដែនដី។

 

(៤)ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (៥)ការអភិវឌ្ឍមូលដ្ឋាន និង (៦)ការពង្រឹងរបៀបរបបការងារ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបទៅនឹងសំណូមពររបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើការងារពាក់ព័ន្ធនឹងការវិនិយោគឯកជន ដោយបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដេីម្បីសម្រួលការធ្វើនីតិវិធីប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគ(ប្រព័ន្ធ cdcIPM​) សម្រាប់ដំណើរការនីតិវិធីចុះបញ្ជីវិនិយោគ ដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ព្រមទាំង គ្រោងនឹងចាត់មន្ត្រីជំនាញដើម្បីចុះបណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជី ឱ្យបានត្រឹមត្រូវ និងការប្រេីប្រាស់ប្រព័ន្ធនេះ ឱ្យមានប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ និងត្រូវមានភាពបុរេសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅតាមមូលដ្ឋាន និងបានសង្កត់ធ្ងន់ថា ជោគជ័យនៃទិសដៅការងារឆ្នាំ២០២៦ អាស្រ័យលើ “សាមគ្គីភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវខ្ពស់” របស់មន្ត្រីគ្រប់រូប។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រដ្ឋបាលរាជធានីភ្នំពេញនឹងសម្រេចបាននូវទិសដៅការងារឆ្នាំ២០២៦ បង្កើតជាសមិទ្ធផលថ្មីៗថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕

Phnom Penh City, Cambodia
Phnom Penh City, Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here