ដោយៈ ម៉ាលីនណា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានទាក់ទាញក្រុមហ៊ុនវិនិយោគជិត១០០ក្រុមហ៊ុន មកពី១៥ប្រទេស ជាមួយនឹងផលិតកម្មនាំចេញជាង២១០០លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា វិស័យនាំចេញរបស់ប្រទេសកម្ពុជា បានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំង ពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
-->
ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកល ក្នុងអំឡុងពេលនេះក៏ដោយ តម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយឈានដល់ជាង៣១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងជាង១៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។
នៅក្នុងនិន្នាការដ៏វិជ្ជមាននេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ឬ Royal Group Phnom Penh SEZ Plc. (PPSP) ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរួមចំណែកយ៉ាងសំខាន់ ដល់លទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា។
ការនាំចេញដែលបង្កើតឡើង ដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី១៥ ប្រទេសដែលធ្វើប្រតិបត្តិការ នៅក្នុងRGPPSEZ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដូចគ្នា ដែលកើនឡើងជាងបីដង រវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំងនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។
នៅក្នុងឆ្នាំ២០២៥តែមួយ ការនាំចេញពី RGPPSEZ បានឈានដល់២,១៤ ពាន់លានដុល្លារអាមេរិក តំណាងឱ្យ៧%នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលចំនួននេះ រក្សាកិត្តិនាមរបស់តំបន់យើង ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនាំចេញឈានមុខគេមួយក្នុងប្រទេស។
ក្រៅពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច តាមរយៈពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ ក៏នៅតែបន្តដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារផងដែរ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេស បានទទួលកម្មករជាង៥៥,០០០នាក់ បម្រើការក្នុងកម្មន្តសាលនានា ដែលគាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
ថ្នាក់ដឹកនាំក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងសូមសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេច ចំពោះការរីកចម្រើនប្រកបដោយចីរភាពរបស់RGPPSEZ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP បានលើកឡើងថា ស្របពេលដែលយើង ឈានចូលឆ្នាំថ្មីនេះ យើងគប្បីចងចាំថា ភាពរីកចម្រើនផ្ទាល់ខ្លួន និងភាពសុខដុមរបស់សហគមន៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ភាពខ្លាំងពិតប្រាកដមិនមែនត្រឹមតែធ្វើឱ្យខ្លួនឯង ប្រសើរទ្បើងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ឯកភាព និងស្ថិរភាពនៅជុំវិញខ្លួនយើង ជាពិសេសក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសកម្ពុជាយើងកំពុងប្រឈមមុខ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវភាពប្រកួតប្រជែងនៃការនាំចេញរបស់ ប្រទេសកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការបង្កើតការងារសម្រាប់ មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយចូលរួមកាត់បន្ថយ តម្រូវការធ្វើចំណាកស្រុក។
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍ នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន៖ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕
