ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនរំពឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៦ ខណៈតម្រូវការនៅតែមាន

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថា នឹងបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៦ ស្របពេលមានការប្រែប្រួលនៃនិន្នាការរបស់អ្នកទិញ និងការវិនិយោគ ដែលនឹងជំរុញឱកាសវិនិយោគផ្នែកការិយាល័យ លំនៅឋាន ឧស្សាហកម្ម លក់រាយ និងបដិសណ្ឋារកិច្ច។

យោងតាមក្រុមហ៊ុន Colliers Philippines កំណើននឹងសម្រេចបានដោយផ្នែក ខណៈបណ្តាអ្នកអភិវឌ្ឍន៍ និងវិនិយោគិនសម្របខ្លួនទៅនឹងតម្រូវការ និងលក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងប្រែប្រួល។

ទីផ្សារការិយាល័យត្រូវបានគេព្យាករថា នឹងទទួលបានការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់ ដោយការិយាល័យប្រហែល៣៥០.០០០ម៉ែត្រការ៉េនឹងចាប់ផ្តើមដំណើរការរវាងឆ្នាំ២០២៦ និងឆ្នាំ២០២៨។

ខណៈការផ្គត់ផ្គង់នៅតែមានកម្រិតទាបជាងកម្រិតមុនផ្ទុះជំងឺរាតត្បាត ក្រុមហ៊ុន Colliers បានវាយតម្លៃថា សកម្មភាពជួលនៅតែបន្តមានសន្ទុះ ដោយសារតម្រូវការជួលដោយបណ្តាក្រុមហ៊ុន Outsourcing ។

តំបន់ពាណិជ្ជកម្មសំខាន់ៗ ដូចជាតំបន់ Makati និងតំបន់ Bonifacio Global City ត្រូវបានគេរំពឹងថា នឹងជំរុញការងើបឡើងវិញនៃទីផ្សារការិយាល័យនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ដោយសារការរួមបញ្ចូលគ្នានូវការិយាល័យ ការអភិវឌ្ឍលំនៅឋាន ហាងលក់រាយ និងការតភ្ជាប់បណ្តាញដឹកជញ្ជូន។

ចំពោះផ្នែកលំនៅឋាន ក្រុមហ៊ុន Colliers បានកត់សម្គាល់ឃើញមានលំនៅឋានប្រមាណ៣០.០០០យូនីត ដែលមិនទាន់លក់ចេញនៅទីក្រុងម៉ានីល។ ដើម្បីដោះស្រាយបញ្ហានេះ បណ្តាអ្នកអភិវឌ្ឍន៍កំពុងដាក់ចេញយុទ្ធសាស្ត្រនៃការលក់កាន់តែច្រើន រួមទាំងលក្ខខណ្ឌទូទាត់ប្រាក់ ដើម្បីទាក់ទាញអ្នកទិញដែលមានប្រាក់ចំណូលមធ្យម។

ទីផ្សារអចលនទ្រព្យឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយតំបន់ Central Luzon នឹងផ្គត់ផ្គង់ដីឧស្សាហកម្មកាន់តែច្រើននាពេលខាងមុខរហូតដល់ឆ្នាំ២០២៨។

ក្រុមហ៊ុន Colliers បានអះអាងថា គោលនយោបាយជួលដីរយៈពេល៩៩ឆ្នាំឱ្យជនបរទេស ដែលរដ្ឋាភិបាលហ្វីលីពីនទើបអនុម័តថ្មីៗនេះ បានពង្រឹងភាពទាក់ទាញនៃការវិនិយោគឧស្សាហកម្មរយៈពេលវែង ជាពិសេសសម្រាប់ក្រុមហ៊ុនបរទេសក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម ថាមពលកកើតឡើងវិញ និងឧស្សាហកម្មទាក់ទងនឹងឧបករណ៍អេឡិចត្រូនិក៕ប្រភព: Colliers៕

LEAVE A REPLY

Please enter your comment!
Please enter your name here