ដោយ: សហសេវិក
អន្តរជាតិ: ធនាគារកណ្តាលរបស់ប្រទេសចិន ឬធនាគារប្រជាជនចិន (PBOC) បានកាត់បន្ថយសមាមាត្រប្រាក់កក់អប្បបរមា(Downpayment)សម្រាប់ការទិញអចលនទ្រព្យពាណិជ្ជកម្មមកត្រឹម៣០ភាគរយ។
ធនាគារកណ្តាលចិនបានអះអាងថា ចំណាត់ការនេះក៏អនុវត្តចំពោះការទិញអចលនទ្រព្យពហុមុខងារ ដែលរួមបញ្ចូលទាំងប្រភេទអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។
វិធានការនេះមានគោលបំណងគាំទ្រគំរូថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ និងសម្របខ្លួនទៅនឹងការប្រែប្រួលការផ្គត់ផ្គង់ និងតម្រូវការ។ មុនពេលមានការកាត់បន្ថយ សមាមាត្របង់ប្រាក់កក់អប្បបរមាស្ថិតក្នុងរង្វង់ប្រហែល៥០ភាគរយ។

ការកាត់បន្ថយសមាមាត្របង់ប្រាក់កក់ជាមុនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
ធនាគារកណ្តាលចិនបានគូសបញ្ជាក់បន្ថែមថា សាខាខេត្តរបស់ធនាគារ PBOC និងរដ្ឋបាលបទប្បញ្ញត្តិហិរញ្ញវត្ថុជាតិអាចមានស្វ័យភាពលើការកំណត់កម្រិតប្រាក់កក់អប្បបរមាកម្រិតក្រុង ដោយផ្អែកលើតម្រូវការបទប្បញ្ញត្តិរបស់រដ្ឋបាលមូលដ្ឋាន៕ប្រភព: Bloomberg៕







