ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី លោកអូន មុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមប្រកាសជាផ្លូវការ “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។
ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ តំណាងសហគ្រាស សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
-->
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ បានថ្លែងថា ការប្រកាសជាផ្លូវការ និងការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ក៏ជាការឆ្លើយតបមួយផងដែរ របស់រាជរដ្ឋាភិបាលទៅនឹងសំណើរ សំណូមពរ ដែលជាបញ្ហាប្រឈមរបស់វិស័យឯកជន ដែលស្នើឡើង នៅក្នុងកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់ លើនិន្នាការតំបន់ និងសកល ក៏ដូចជាស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចនៅកម្ពុជា កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧រដ្ឋសភា ប្រកាន់យកនូវគោលការណ៍រួមដូចខាងក្រោម ទី១. បន្តរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរៀបចំ និងអនុវត្តវិធានការគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។
ទី២ បន្តស្តារ និងជំរុញការអភិវឌ្ឍវិស័យចន្ទល់ កំណើនសេដ្ឋកិច្ច (ដូចជា វិស័យកសិកម្ម កាត់ដេរ សំណង់ និងអចលនទ្រព្យ និង ទេសចរណ៍) រួមទាំងជំរុញការវិនិយោគលើឧស្សាហកម្ម ដើមខ្សែ (Upstream Industry) ទី៣. ជំរុញប្រភពកំណើនថ្មី ដែលមានសក្តានុពលខ្ពស់ ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យឌីជីថល និងវិស័យកសិ-ឧស្សាហកម្ម ជាដើម។

ទី៤. ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច, លើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង, បង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគ និងបង្កើនពិពិធភាពទីផ្សាររបស់កម្ពុជា។ ទី៥. ពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសលើទំនិញយុទ្ធសាស្ត្រ និងពង្រឹងកិច្ចគាំពារសង្គម ដើម្បីកាត់បន្ថយផលប៉ះពាល់ ឱ្យបានជាអតិបរមាពីវិបត្តិផ្សេងៗ និងទី៦. ពង្រឹងសមត្ថភាពក្នុងការសម្លឹងឆ្ពោះទៅមុខ និងការព្យាករ និងការវិភាគពីបញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិការណ៍ដែលមានភាពមិនប្រាកដប្រជាខ្ពស់។
ដើម្បីសម្រេចបេសកកម្ម ស្របតាមគោលការណ៍រួមខាងលើ កម្មវិធីនេះ នឹងដាក់ចេញនូវកញ្ចប់វិធានការ ដែលមានលក្ខណៈច្បាស់លាស់ជាក់ស្តែងនិយម និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព ដោយចែកចេញជា៣ សសរស្តម្ភ/កម្មវិធីដូចជា៖ សសរស្តម្ភទី. កម្មវីធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពែលខ្លី ទៅមធ្យម។
សសរស្តម្ភទី២. កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ និងសសរស្តម្ភទី៣. កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ៕
