ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូនៅតាមទីក្រុងធំៗនៅតំបន់អាស៊ានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង។ប្រទេសសិង្ហបុរីនៅតែជាទីផ្សារខុនដូថ្លៃជាងគេបំផុតក្នុងតំបន់ ដែលមានតម្លៃប្រហែល១៩.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតត្រឹមដើមឆ្នាំ២០២៦។
ដោយឡែក ចំពោះបណ្តាទីក្រុងកំពុងអភិវឌ្ឍន៍ដូចជារាជធានីភ្នំពេញរបស់កម្ពុជា និងទីក្រុងវៀងចន្ទន៍របស់ប្រទេសឡាវ មានតម្លៃសមរម្យក្នុងទំហំទឹកប្រាក់ចន្លោះពី១.៥០០ដុល្លារទៅ២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

-->
ចំណែក តម្លៃខុនដូនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី៥.០០០ដុល្លារទៅ៥.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃខុនដូនៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី៣.២០០ដុល្លារទៅ៤.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃខុនដូនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមមានទំហំទឹកប្រាក់ជាមធ្យមចំនួន២.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃខុនដូនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី១.៨០០ដុល្លារទៅ២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃខុនដូនៅប្រទេសសិង្ហបុរីឈរនៅលំដាប់ខ្ពស់ជាងរដ្ឋធានីដទៃទៀតនៅតំបន់អាស៊ាន។តម្លៃខុនដូនៅជិតតំបន់ពាណិជ្ជកម្មកណ្តាល (CBD) អាចមានទំហំទឹកប្រាក់ខ្ពស់ជាងទីក្រុងផ្សេងទៀតនៅតំបន់អាស៊ានជាច្រើនដង។
យ៉ាងណាមិញ តម្លៃខុនដូនៅទីផ្សារកំពុងអភិវឌ្ឍន៍ដូចជា ទីក្រុងហ្សាការតា ទីក្រុងហាណូយ ទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ ជាដើម នៅតែមានតម្លៃសមរម្យជាង៕ប្រភព: Bamboo Route៕
