ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ទីផ្សារការិយាល័យលំដាប់ខ្ពស់របស់ប្រទេសសិង្ហបុរី ជាជម្រើសកំពូលសម្រាប់បណ្តាវិនិយោគិនអចលនទ្រព្យនៅឆ្នាំ២០២៦ ដោយសារអត្រាការិយាល័យទំនេរមានកម្រិតទាប។
ការវិនិយោគបានហក់ឡើង២៨ភាគរយធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ចំនួន៤,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាទីផ្សារធំជាងគេទី៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនាំមុខចិនដីគោក ឥណ្ឌា និងកោះហុងកុង។
ទន្ទឹមនឹងនេះ ប្រភពនៃការវិនិយោគពីបរទេសកំពុងប្រែប្រួល។ ជាក់ស្តែង បណ្តាអ្នកវិនិយោគឯកជនមកពីប្រទេសចិននៅតែបន្តស្វែងរកឱកាសវិនិយោគយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី។
-->
ផ្ទូយទៅវិញ បណ្តាវិនិយោគិនសិង្ហបុរីបានងាកទៅទិញអចលនទ្រព្យយ៉ាងសកម្មបំផុតនៅក្នុងប្រទេសអូស្ត្រាលីក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥កន្លងទៅ។

ការវិនិយោគអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង១៥ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៤០,៣ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។
កំណើននេះបង្ហាញពីការងើបឡើងវិញបន្តិចម្តងៗនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ ខណៈការវិនិយោគសរុបសម្រាប់ឆ្នាំ២០២៥ បានកើនឡើង១២ភាគរយដល់ទំហំទឹកប្រាក់ចំនួន១៤៧,៦ពាន់លានដុល្លារអាមេរិក។
ការធ្លាក់ចុះនៃអត្រាការិយាល័យទំនេរត្រូវបានគេរំពឹងថា នឹងជំរុញឱ្យតម្លៃជួលការិយាល័យមានការកើនឡើង។ ជាលទ្ធផល ទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរី រួមជាមួយនឹងទីក្រុងតូក្យូ និងទីក្រុងស៊ីដនី បានក្លាយជាគោលដៅវិនិយោគអចលនទ្រព្យលំដាប់កំពូល៕ប្រភព: The Business Times៕
