តើស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់អាសុីក្នុងឆ្នាំ២០២៦ បង្ហាញហានិភ័យ និងឱកាសអ្វីខ្លះដល់អ្នកវិនិយោគ?

0

ដោយ: សហសេវិក

អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ីនៅឆ្នាំនេះកំពុងប្រឈមមុខទាំងភាពមិនប្រាកដប្រជាជាសកល និងសក្តានុពលកំណើនរយៈពេលវែង។ កម្រិតអត្រាការប្រាក់ខ្ពស់ ការផ្លាស់ប្តូរគោលនយោបាយ និងការធ្លាក់ចុះនៃអចលនទ្រព្យរបស់ប្រទេសចិន បានបង្កជាហានិភ័យ។

ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ការធ្វើនគរូបនីយកម្ម ការបណ្តាក់ទុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការអចលនទ្រព្យផ្នែកភស្តុភារ និងលំនៅឋាននៅតែបន្តបង្កើតឱកាសថ្មីៗ។

ទី១: ហានិភ័យ

តម្លៃផ្ទះថ្មី និងការវិនិយោគលើអចលនទ្រព្យនៅប្រទេសចិនកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ ការកើនឡើងនៃចំនួនអចលនទ្រព្យ ដែលត្រូវបានរឹបអូស ធ្វើឱ្យធនាគារជួបប្រទះភាពតានតឹងផ្នែកសាច់ប្រាក់ និងជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ។

ការណ៍នេះបង្កហានិភ័យដល់វិស័យសំណង់ ហិរញ្ញវត្ថុ និងទំនុកចិត្តរបស់បណ្តាវិនិយោគិននៅទូទាំងតំបន់អាស៊ី ដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិនមានទំហំធំ។

ជាមួយគ្នានេះ ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកអាចជះផលប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទាន  ជាពិសេសនៅក្នុងទីផ្សារ ដែលងាយរងគ្រោះដោយសារការដំឡើងអត្រាការប្រាក់ដូចជា ទីផ្សារការិយាល័យ។

ភាពតានតឹងផ្នែកពាណិជ្ជកម្ម ភាពប្រែប្រួលនៃកំណើនសេដ្ឋកិច្ចសកល ឬការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណអាចកាត់បន្ថយលំហូរមូលធនបរទេសចូលទៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសនៅក្នុងបណ្តាប្រទេសអាសុី ដែលពឹងផ្អែកលើការនាំចេញ។ អស្ថិរភាពសកលក៏អាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគិនផងដែរ។

 

 

ទី២: ឱកាស

យោងតាមក្រុមហ៊ុន Cushman & Wakefield បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីអាចនឹងឈានចូលដល់ដំណាក់កាលមានស្ថិរភាព ដោយតម្លៃអចលនទ្រព្យបានធ្លាក់ចុះដល់កម្រិតមួយ ដែលមានភាពទាក់ទាញសម្រាប់បណ្តាវិនិយោគិនរយៈពេលវែង។

កត្តានគរូបនីយកម្ម ប្រជាសាស្ត្រ និងកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាលនៅក្នុងបណ្តាប្រទេសអាស៊ាន បានជំរុញតម្រូវការលំនៅឋាន លក់រាយ និងគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ។

កំណើននៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើពិពិធកម្មផលិតកម្មអាស៊ាន បន្តជំរុញតម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្ម ដែលអាចផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង៕ប្រភព: Cushman & Wakefield ៕

LEAVE A REPLY

Please enter your comment!
Please enter your name here