រដ្ឋបាលមូលដ្ឋាននៅតាមទីក្រុងមួយចំនួនរបស់ប្រទេសចិនដាក់ចេញវិធានការឧបត្ថម្ភធនលើការទិញផ្ទះ

0

ដោយ: សហសេវិក
អន្តរជាតិ: អាជ្ញាធររដ្ឋបាលមូលដ្ឋានរបស់ប្រទេសចិនកំពុងបង្កើនវិធានការគាំទ្រដើម្បីស្តារទីផ្សារលំនៅឋានឡើងវិញ ដោយផ្តល់ការឧបត្ថម្ភធនលើការទិញផ្ទះ និងប្រាក់កម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ទាបជាងមុន។

យ៉ាងណាមិញ ទីផ្សារលំនៅឋានចិនត្រូវបានគេរំពឹងថានឹង នៅតែមានល្បឿនយឺតយ៉ាវ បន្ទាប់ពីការលក់ផ្ទះរបស់បណ្តាអ្នកអភិវឌ្ឍន៍កំពូលទាំង១០០ បានដាំក្បាលចុះ២០ភាគរយកាលពីឆ្នាំមុន។នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។

ទីក្រុងមួយចំនួនកំពុងពង្រីកការឧបត្ថម្ភសាច់ប្រាក់សម្រាប់ការទិញផ្ទះថ្មី និងផ្ទះប្រភេទទី២។ តួយ៉ាង ទីក្រុង Changzhou ផ្តល់ជូនការឧបត្ថម្ភធនចំនួន២០០.០០០យ័នសម្រាប់ផ្ទះថ្មី និង១៨០.០០០យ័នសម្រាប់ផ្ទះប្រភេទទី២។ កម្មវិធីនេះបានជួយសម្រាលបន្ទុកដល់អ្នកទិញផ្ទះរាប់ពាន់នាក់រួចហើយ និងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។

ទីក្រុងផ្សេងទៀត រួមទាំងទីក្រុង Wuhan ទីក្រុងណានជីង និងទីក្រុងហាំងចូវ កំពុងឧបត្ថម្ភធនលើប្រាក់កម្ចីទិញផ្ទះ ដើម្បីកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចី។

ដោយឡែក ទីក្រុង Yuncheng បានដាក់ចេញវិធានការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ហើយរដ្ឋបាលមូលដ្ឋាននឹងជួយបង់អត្រាការប្រាក់ជំនួសដល់អ្នកទិញផ្ទះ ដែលមានសញ្ញាបត្របណ្ឌិត ដោយប្រើប្រាស់ការលើកទឹកចិត្តផ្នែកលំនៅឋាន ដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងមានជំនាញ។

ទីក្រុងមួយចំនួនរបស់ប្រទេសចិនអាចមានលទ្ធភាពដាក់ចេញកម្មវិធីជំរុញទីផ្សារលំនៅឋាន ខណៈដែលទីក្រុងទាំងនោះទទួលបានប្រាក់ចំណូលពន្ធខ្ពស់ពីវិស័យផលិតកម្ម។

ទីក្រុងមួយចំនួនដូចជា ទីក្រុង Changzhou និងទីក្រុង Wuhan ទទួលបានអត្ថប្រយោជន៍ពីរោងចក្រធំៗ និងស្ថិរភាពនៃប្រាក់ចំណូលពន្ធសាជីវកម្ម។ ការណ៍នេះផ្តល់ឱ្យរដ្ឋបាលមូលដ្ឋាននូវសាច់ប្រាក់ដើម្បីគាំទ្រដល់អ្នកទិញផ្ទះ។

ផ្ទុយទៅវិញ ទីក្រុងផ្សេងទៀតកំពុងជួបការលំបាក។ ទីក្រុង Tangshan ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្សាហកម្មដែកថែប បានជួបប្រទះការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះ។ដោយសារមូលហេតុនេះ រដ្ឋបាលមូលដ្ឋានមិនអាចមានលទ្ធភាពដើម្បីដាក់ចេញវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ទីផ្សារលំនៅឋានរបស់ខ្លួនបានទេ ដែលនាំឱ្យការលក់ផ្ទះបន្តធ្លាក់ចុះបន្ថែមទៀត៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here